រដ្ឋាភិបាលអូស្ត្រាលី និងឥណ្ឌូនេស៊ី បានសហការគ្នា ដើម្បីស្រាវជ្រាវពី មូលនិធិយ៉ាងច្រើន ដែលបានប្រមូលនៅក្នុងប្រទេសអូស្ត្រាលី ក្រោយមកបញ្ជូនទៅកាន់ប្រទេស ឥណ្ឌូនេស៊ី ដើម្បីបន្តបញ្ជូនទៅឲ្យក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
មូលនិធិសម្រាប់ជួយដល់ក្រុមIS ត្រូវបានគេរកឃើញនៅក្នុងបាយហិរញ្ញវត្ថុរបស់ មជ្ឈមណ្ឌលវិភាគ និងផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី ជាមួយមជ្ឈមណ្ឌូលវិភាគ និងសេវាកម្មហិរញ្ញវត្ថុ អូស្ត្រាលី ។
លោក Agus Santoso ប្រធានក្រុមស្រាវជ្រាវរបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា ព័ត៌មាន ស្តីពីពលរដ្ឋឥណ្ឌនេស៊ីទទួលប្រាក់បានបញ្ជូនទៅឲ្យប៉ូលិសអូស្ត្រាលីស្រាវជ្រាវស្វែងរក ប្រភពផ្គត់ផ្គង់ប្រាក់ឲ្យទៅក្រុម IS ។ មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុឥណ្ឌនេស៊ីនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីពិភាក្សាពីបញ្ហាទាំងនោះ ។
លោក Agus Santoso បន្តឲ្យដឹងទៀតថា ប្រាក់ជំនួយទៅឲ្យក្រុម ISអាចកើនឡើង រហូតដល់រាប់សែនដុល្លារ។ ភាគច្រើនមូលនិធិទាំងនោះសម្រាប់ផ្តល់ទៅឲ្យក្រុមជនជាតិ ឥណ្ឌូនេស៊ីសម្រាប់ធ្វើដំណើរទៅកាន់ប្រទេសទួគីហើយឆ្លងចូលទៅស៊ីរី ។
នៅក្នុងសន្និសីទអន្តរជាតិដើម្បីទប់ទល់និងការវាយប្រហារភេរវកម្មបង្កឡើងដោយក្រុមIS ធ្វើឡើងនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២៣កន្លងមក ក្រុមអ្នកឯកទេស១៩នាក់ សម្រាប់ឡើងគម្រោងប្រយុទ្ធប្រឆាំង IS នៅឥណ្ឌូនេស៊ីបានពិភាក្សាជាមួយក្រុមអ្នកឯកទេសមកពីប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ។
ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ី មានគេហទំព័រអ៊ិស្លាមជាង២០០ផ្សេងគ្នា ក្នុង នោះមានគេហទំព័រជាច្រើនផ្សព្វផ្សាយពីទស្សននយោបាយរបស់ក្រុម IS ៕