ទីបំផុត​! ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ដាក់​ទណ្ឌកម្ម​កម្រិត​ធ្ងន់ តាម​វិន័យ​រដ្ឋបាល​ លេីអ្នកបេីក​បររថយន្ត​សង្គ្រោះ​ដែល​ដឹក​សពស្រ្តីពោះធំម្នាក់​ ទៅ​ទម្លាក់​ចោល​កណ្តាលផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី៖ ទីបំផុត​! ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ដាក់​ទណ្ឌកម្ម​កម្រិត​ធ្ងន់ តាម​វិន័យ​រដ្ឋបាល​ បន្ទាប់​ពីបុរសម្នាក់​ ដែល​ជាអ្នកបេីក​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​ស​ពស្ត្រី​ពោះធំ​ម្នាក់ទៅ​ទម្លាក់​ចោល​កណ្តាលផ្លូវ ទោះបីជា​សាច់ញាតិ សុំ​អង្វរ​ឲ្យ​ដឹក​ដល់​ផ្ទះ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​នោះ​មិន​ព្រម​ដែរ។ ក្រោយ​មកសពស្រ្តីរូបនេះ​ ត្រូវ​បានសាច់ញាតិ​ដឹក​អូស​តាម​ម៉ូតូ​យក​មក​ផ្ទះវិញ។

បេីយោង​តាម​សេចក្តី​បំភ្លឺ​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​ បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ​២០២១កន្លងទៅ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​គិលានសង្គ្រោះ ម៉ាក​ឡង់​គ្រី​ស័​រ ស្លាក​លេខរ​រដ្ឋ​១២ 2-0129 បើកបរ​ដោយ​ឈ្មោះ អ៊​ន ប៊ុ​ន​ឡេ​ង បាន​ដឹក​ស​.​ពស្ត្រី​ម្នាក់​ឈ្មោះ គ្វឹ​ម ម៉ក់ (​បើ​តាម​គ្រួសារ​ថា​ឈ្មោះ កា​វែ​ម ពូន​) អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

ក្នុង​សេចក្តី​បំភ្លឺ​ដដែល បន្តថា​ លុះ​ដឹក​ដល់​ចំណុច​ស្ពាន​អូរ​លីង ស្ថិត​នៅ​ក្បែរ​ភូមិ​ឃួ​ន ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ បុគ្គល​អ្នកបើកបរ​ឈ្មោះ អ៊​ន ប៊ុ​ន​ឡេ​ង បាន​សម្រេចចិត្ត​ដាក់​សព​ស្ត្រី​ខាងលើ ចុះ​ដោយ​ឯកឯង ។ ហើយ​សព ត្រូវ​ក្រុម​គ្រួសារ​ដឹក​បន្ត​ដោយ​ម៉ូតូ​ទៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ។

សូមជម្រាបថា​ករណី​នេះ វា​ជា​ទ​ង្វើ​ផ្ទាល់​របស់​សាមីខ្លួន​អ្នកបើកបរ ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ទៅ​នឹង​វិជ្ជាជីវៈ​សុខាភិបាល និង​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គភាព ។ ដូច្នេះ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី ពិតជា​មានការ​ស​ផ​ក​ស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង ។ ជាមួយ​គ្នា​នេះ មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​និង​កំពុង​រៀបចំ​ដាក់​ទណ្ឌកម្ម​វិន័យ​តាម​នីតិវិធី​រដ្ឋបាល ស្រប​តាម​កម្រិត​ទម្ងន់​កំហុសឆ្គង ដក់​អ្នកបើកបរ​រូប​នោះ ។ មន្ទីរ​សុខាភិបាល​ខេត្ត សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​សព ចំពោះ​ទ​ង្វើ​មិន​សមរម្យ​របស់​អ្នកបើកបរ​រថយន្ត​គិលាន​ស្គ្រោះ ឈ្មោះ អ៊​ន ប៊ុ​ន​ឡេ​ង ផង​ដែរ ។

បច្ចុប្បន្ន​មន្ទីរ​សុខាភិបាល​ខេត្ត នឹង​ធ្វើការ​កែសម្រួល​ការ​គ្រប់គ្រង មិន​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ទៀត​ទេ ។

គួរ​រម្លឹកថា​ ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​មក​ម្ល៉េះ ហើយ​ត្រូវ​បាន​គេ​ខំព្យាយាម​លាក់បាំង ក៏​ប៉ុន្តែ​ត្រូវ​បែកធ្លាយ ក្រោយ​ពី​ស្ត្រី​ពោះធំ​នោះ​ឆ្លងទន្លេ​មិន​រួច ក៏​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រួច​មក​យូរថ្ងៃ​ហើយ ។ ចំណែក​សព​ស្ត្រី​ពោះធំ​ត្រូវ​សាច់ញាតិ​ដឹក​អូស​តាម​ម៉ូតូ​គួរ​ឱ្យ​សង្វេគ ក្រោយ​រថយន្ត​សង្គ្រោះ​ទម្លាក់​ចោល​ បេីទោះបីជា​សាច់ញាតិ​សុំ​អង្វរ​ឲ្យ​ដឹក​ដល់​ផ្ទះ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​មិន​ព្រម​ដែរ​។

ចំណែក​បុរស​ជាប្តីមានឈ្មោះ យែ​ន យន្ត មានមុខ​របរ​ធ្វើ​ចំការ រីឯ​​សព​ស្ត្រី​ពោះធំ​ឆ្លងទន្លេ​មិន​រួច​នោះ​ឈ្មោះ កា​វែ​ម ពូន អាយុ​៣១​ឆ្នាំ ជនជាតិ​ក្រឹ​ង ហើយ​មានកូន​ស្រី​២​នាក់ អាយុ​៧​ឆ្នាំ និង​៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

ដោយឡែក​បើ​តាម​សម្តីបងប្រុសស្រ្តីរងគ្រោះឈ្មោះ កា វែ​ម​វាំង ក៏បាន​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​ខ្លួន​បាន​ឈឺពោះ​ឆ្លងទន្លេ​កូន​ទី​០៣ ដែល​បាន​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ។ ខណៈ​​នោះ ក្រុម​គ្រូពេទ្យ​ហាក់ដូចជា​មិនសូវ​មើលថែ​ទាំ​ឲ្យ​បាន​ដិត​ដល់ ​នោះ​ទេ ព្រមទាំង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ គ្មាន​សុជីវធម៌​ទៀត​ផង​។ ហើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា មិន​អាច​សង្គ្រោះ​បាន​ទេ ទោះជា​វះកាត់​យក​កូន​ចេញ​ក៏​​ស្លា​ប់​ មិន​វះ​ក៏​​ស្លា​ប់​​ដែរ ​។

លោក​ កា វែ​ម​វាំង​ បន្ត​ថា លុះ​រហូត​មក​ដល់​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ស្រាប់តែ​អាកា​រអ្នកជំងឺ (​ស្ត្រី​ពោះធំ​) នោះ ធ្វើទុក្ខ​កាន់តែ​ខ្លាំង ក៏​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្តង ហើយ​ក៏​បាន​ដឹក​បញ្ជូន​សព​តាម​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ មក​ដល់​ចំណុច​កា​រ៉ា​ស់​សាំង ផ្លូវបំបែក​ចូល​ឃុំ​កា​ចូ​ន ក៏​ស្រាប់តែ​អ្នកបើកបរ​ចង់រក​ទម្លាក់​ស.ព​ចោល​ម្តង​នៅ​ទីនោះ ប៉ុន្តែ​សាច់ញាតិ​សុំ​អង្វរ​ក៏​យល់ព្រម​ដឹក​ទៅ​មុខ​ទៀត លុះ​រហូត​មក​ដល់​ចំណុច​ស្ពាន​អូ​លីង អ្នកបើកបរ​រអ៊ូ​រថា ផ្ទះ​ឆ្ងាយ​ពេក​ ក៏​ទំលាក់​ស.ព​ចោល​ នៅ​ក្រោម​ដើមឈើ​ក្បាលស្ពាន​នោះ​តែ​ម្តង​ ។

ក្រោយ​ពី​រថយន្ត​ទម្លាក់​រួច​មក សាច់ញាតិ​ក៏​បាន​បន្ត​ដឹក​តាម​ម៉ូតូ​ទៅ​ដល់​ផ្ទះ ទាំង​ស្ថានភាព​សាកសព​ឡើង​រឹង និង​ពោះធំ​ផង គឺ​មានការ​លំបាក​ខ្លាំង​ណាស់ ទើប​ធ្វើ​ឲ្យ​សព​ស្ត្រី​រង​គ្រោះ​អូស​ដាច់រ​លាត់ជើង​សព ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់​ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​ក៏​បាន​ឆ្លើយ​អះអាង​ប្រាប់​ទៅ​ថ្នាក់លើ​ថា អ្នក​ភូមិ​គេ​តំណម​មិន​ឲ្យ​យកស​.ពស្ត្រី​ពោះធំ​ឆ្លងទន្លេ​មិន​រួច​ចូល​ភូមិ​ទេ រីឯ​ក្រុម​គ្រួសារ​សព ក៏​ទាមទារ​ឲ្យ​ដាក់ចុះ​នៅ​ត្រឹមនោះ​តែ​ម្តង​ទៅ​ ។

ជុំវិញករណីនេះដែរ​ លោក អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​ ក៏បានលើកឡើងថា​ លោក​កំពុង​តែ​ធ្វើការ​ដោះស្រាយ ហើយ​បាន​រាយការណ៍​ទៅ​កាន់​ថ្នាក់​ខេត្ត ដើម្បី​ធ្វើការ​ពិន័យ​ទៅ​លើ​អ្នកបើកបរ​ដែល​ដឹក​សព​មិន​ដល់​គោលដៅ ។ ហើយ​នេះ​ក៏​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នកបើកបរ​រថយន្ត​ធ្វើ​របៀប​នេះ នឹង​ចាត់វិធានការ​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌ វិជ្ជាជីវៈ គ្មាន​សីលធម៌ ទ​ង្វើ​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច និង​ជន​ក្រីក្រ​បែប​នេះ​ ។

ជាមួយគ្នានេះអ្នកតំណាង​រាស្ត្រ​មណ្ឌល​រតនគិរី ដែល​ជា​ព្រឹទ្ធាចារ្យ​ជនជាតិភាគតិច ​លោក ប៊ូ ឡាំ ក៏បាន​សម្ដែង​ការ​មិន​ពេញចិត្ត ហើយ​ក៏​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ នេះ​ថា ករណី​ដឹក​ស.ព​កាត់​ភូមិ ឬ​ដឹក​ចូល​ភូមិ គឺ​ជនជាតិ​ដើម​ លែង​មាន​តំណម​ដូច​ពី​មុន​ទៀត​ហើយ រីឯ​ទ​ង្វើ​របស់​ក្រុម​គ្រូពេទ្យ និង​អ្នកបើកបរ​ខាងលើ វា​ជា​ការ​រើសអើង​ ទៅ​លើ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ យ៉ាង​ពិតប្រាកដ​ហើយ​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print