ទីបំផុត​! ប្រធានក្រុមរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ​ម្នាក់ លាឈប់ពីតំណែង​ក្រោយ​អត្ថាធិប្បាយប្រមាថលើតារាស្រីជប៉ុនម្នាក់

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ​២០២១​ បានចុះផ្សាយថា​ ប្រធានក្រុមច្នៃប្រឌិតលើការរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងតូក្យូ លោក Hiroshi Sasaki បានលាឈប់ពីតំណែងនេះ បន្ទាប់ពីលោកបានអត្ថាធិប្បាយបែបប្រមាថលើតារាស្ត្រីជប៉ុនម្នាក់។

ភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយថាលោក Hiroshi Sasaki បានលើកឡើងពីតារាជប៉ុនម្នាក់ឈ្មោះ Naomi Watanabe ដោយបានប្រាប់ក្រុមផែនការក្នុងន័យលេងសើចថា ស្រ្តីវ័យ៣៣ឆ្នាំដែលមានរាងធាត់ផងនោះ អាចដើរតួជា «Olympig» នៅក្នុងពិធីបើកកីឡាអូឡាំពិក។ ហើយ​នេះជាករណីទី២ផង​ដែរ​ ជុំវិញការតិះទៀនស្រ្តី ពីសំណាក់មន្ត្រីសំខាន់ៗនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។

ចំណែក​លោក Yoshiro Mori ជាបុរសដំបូងដែលបានចុះចេញពីតំណែងប្រធានគណៈកម្មកាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ក្រោយអត្ថាធិប្បាយថា «ស្ត្រីនិយាយច្រើនពេក»។​ នេះបើ​តាមការចុះផ្សាយពីទស្សនាវដ្តីព័ត៌មានប្រចាំសប្តាហ៍របស់ជប៉ុន Shukan Bunshun។​ ទោះ​ជាយ៉ាងណាលោក Sasaki ក៏បានដឹងពីកំហុសពីការនិយាយររបេញរបុញរបស់ខ្លួន និងបានសុំទោសតារាជប៉ុននោះផងដែរ។ បន្ថែមពីនេះ​ លោកបញ្ជាក់ថា៖«ខ្ញុំសុំទោសដោយស្មោះចំពោះនាង និងមនុស្សដែលមានអារម្មណ៍មិនសប្បាយចិត្តនឹងការនិយាយបែបលេងសើចរបស់ខ្ញុំ»។

គួរបញ្ជាក់ថា​ លោក Hiroshi Sasaki មានវ័យ៦៦ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមច្នៃលើការបើកបិទអូឡាំពិក​កាលពីខែធ្នូ កន្លងទៅ​នេះ បានព្យាយាមកែលម្អផែនការសម្រាប់កម្មវិពិធីជាច្រើន បន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានពន្យាររយៈពេលមួយឆ្នាំដោយសារតែជំងឺកូវីដ-១៩ រាតត្បាតជុំវិញពិភពលោក៕ដោយ​៖ស​ តារា​

លោក Hiroshi Sasaki​ ប្រធានក្រុមច្នៃប្រឌិតលើការរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងតូក្យូ

រូបថត​៖AP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print