​​​​ ​​​ថ្នាក់​​បង្រៀន​ភាព​យន្ត​​លើក​ដំបូងត្រូវបានបង្កើតឡើង​នៅ​កម្ពុជា

ចែករំលែក៖

​​ភ្នំពេញ:ក្រសួង​វប្បធម៌​​ ​​និង​វិចិត្រ​សិល្បៈ ​និង​សកលវិទ្យាល័យ​​​ភូមិន្ទ​​វិចិត្រ​សិល្បៈ ​បាន​បង្កើត​​ឲ្យ​មាន​​​​​​ថ្នាក់​​សិក្សា​​សម្ដែង​ភាព​យន្ត​​​ ដែល​គេ​​​មិន​ធ្លាប់​​​ឃើញ​​សោះ នា​ពេល​កន្លង​មក​នៅ​កម្ពុជា​​។ នេះ​បើ​យោង​តាម​ការ​ប្រកាសជា​​​ផ្លូវ​ការ​ក្នុង​​​សន្និសីទ​កាសែត​មួយ ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាភូមិន្ទ​វិចិត្រសិល្បៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៦​ខែ​​កក្កដា​។​ លោក​ អោក ប៊ុន​ធឿន ជា​ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​​​​​​សិល្បៈ​នាដសាស្រ្ត​ និង​ជា​សាស្ត្រាចារ្យ​​ឯកទេស​សម្ដែងនិពន្ធ និង​​​​កំណាព្យ​។ លោក​បាន​​​​​​​ថ្លែង​ថា​​ក្រោយ​​​​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​សម្ដែង​ភាព​យន្ត​មក​​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​​ក៏​​បាន​​​ជជែក​​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​​​​នៅ​ក្នុង​​​ក្រសួង​វប្បធម៌ ដើម្បី​​សម្រេច​​​ឲ្យ​មាន​​​​​វគ្គ​​សិក្សា​នេះ​ឡើង ​​​ដោយ​មាន​គ្រូ​ៗ​ជា​អ្នក​​ជំនាញ​​ធ្លាប់​​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ ​ អនុបណ្ឌិតនិង​បណ្ឌិត​ផ្នែក​សម្ដែង​​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មក​ជួយ​បង្វឹក​​។ ​លោក​បន្ត​ថា​វគ្គ​សិក្សា​នេះត្រូវ​បាន​កំណត់​ហៅ​ថា​​ជា​​​​សាលា​​​បង្រៀន​​សម្ដែង​កុន​លើក​ដំបូង​នៅ​​កម្ពុជា ដោយ​​គ្រោង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​​៣១ ខែ​កក្កដា​ត​ទៅ​ និង​មាន​រយៈ​ពេល​​៣​ខែពេញ​។លោក​ បានឲ្យ​ដឹង​ទៀត​ថា​​ក្រោយ​បញ្ចប់​ការ​​សិក្សា​ ​​​សាលា​នឹង​​​​​​​​​​​​ចេញ​វិញ្ញា​បនបត្រ​​​​​​ទទួល​ស្គាល់​​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តែ​ចំពោះ​តែ​រាល់​​សិស្ស​ណាដែលត្រូវ​គណៈកម្មការ​វាយ​តម្លៃ​ថា​​​​​​​មាន​ទេពកោសល្យ​​​សម្ដែង​(​ភាព​យន្ត)​​ពេញ​លេញ​​ក្រោយពី​បណ្ដុះ​បណ្ដាល​ប៉ុណ្ណោះ។ លោក​បន្ត​ថា​ចំពោះ​​អ្នក​ខ្វះ​គុណភាព សាលា​​​​​នឹង​តម្រូវ​​ឲ្យ​​រៀន​ទាល់​តែ​​​អាច​​សម្ដែង​កុន​បាន​។ លោក​មាន​ប្រសាសន៍​ថានៅ​​សាសាវិចិត្រ​សិល្បៈ​កន្លង​មក ​យើ​ង​មាន​​ជំនាញសម្ដែង ​តែ​​​ជា​ការ​សម្ដែង​​ល្ខោន​នាដកម្ម​ប៉ុណ្ណោះ ​​អញ្ចឹង​ហើយ​ទើប​ថ្នាក់​​​​​​​​​សម្ដែង​ភាព​យន្ត​​​នេះ​ គឺ​ជា​​លើក​ដំបូង​នៅ​កម្ពុជា​​​​​ចាប់​តាំង​ពី​​សម័យ​​​​សង្គម​រាស្រ្ត​និយម​មក ដើម្បី​​​​​​​ឲ្យ​ស្រប​​នឹងប្រទេស​នៅ​អាស៊ាន ដែល​គេ​​សុទ្ធ​តែ​មាន​សា​លា​សម្ដែង​កុន​ទាំង​អស់ មុន​​នឹង​ទទួល​យក​បុគ្គល​ណា​ម្នាក់​ឲ្យ​ក្លាយ​ជា​តារា​ភាព​យន្ត​។ បើ​តាមលោក​ អោ​ក ប៊ុន​ធឿន ​វគ្គ​ដំបូង​នេះ​នឹង​​​​​បើក​ផ្លូវ​​ឲ្យ​តារា​សិល្បៈ​ដែល​មាន​អាជីព​​ស្រេច ​ឬ​អ្នក​​​មាន​​​​​​​​​ចំណូល​ចិត្ត​ច​ង់​ក្លា​យ​ជា​អ្នក​សម្ដែង ​ចាប់​ពី​វ័យ​​​​​​៦​ឆ្នាំដល់​​​៦០​ឆ្នាំ ​ឲ្យ​ទទួល​បាន​គ្រឹះ​​​ជា​តារា​សម្ដែង​ពិត​ប្រាកដ ​មុន​នឹងចូល​​​​​​​ប្រឡូក​ក្នុ​ង​ភាព​យន្ត​។ ​លោក​ថា​​ថ្នាក់​សិក្សា​នេះនឹង​​បណ្ដុះ​បាន​ធនធាន​តារា​ភាព​យន្ត​​ដែល​មាន​គុណភាព​​​​​កាន់​តែ​​ប្រសើរ ​បើ​​ទោះ​ជា​​មិន​ទាន់​​ឈាន​ដល់​កម្រិត​ស្ដង់​ដារ​​១០០%​​ដូច​​នៅ​ក្រៅ​ប្រទេស ដែល​គេ​មាន​មាន​សាលា​បែប​នេះ​យូរ​​ហើ​យ​។ ​ក្នុង​ការ​សិក្សា​​រយៈ​​ពេល​ពេញ​​៣​ខែ​នេះ ​​តារា​សិល្បៈ​​ទាំង​​អស់​នឹង​តម្រូវ​ឲ្យ​ហ្វឹក​ហ្វឺ​ន​​ដោយ​ផ្ទាល់​​ជា​មួយ​អ្នក​ជំនាញ​ភាព​យន្តនិ​ង​ជា​មួយ​​កាមេរ៉ា ព្រម​ទាំង​​​ឧបករណ៍​​​សម្រាប់​ថត​ភាព​យន្ត ដើម្បី​​ឲ្យ​ស្គាល់​អ្វី​ហៅ​ថា​​ប្លង់​ថត ​ពាក្យ​បច្ចេកទេស​ក្នុ​ង​ពេល​ថត និង​​​​សកម្មភាពសំខាន់​ៗ​​​​​​​​ពេល​ចុះ​ថត​កុន​។ ​លោក​ថា​​​​ថ្នាក់​សិក្សា​ដែល​មិន​ធ្លាប់​មាន​នេះ ​មិន​​ផ្ដោត​តែ​លើ​​​​​​​ទម្រ​ង់​​ទឹក​មុ​ខ​តែ​​មួយ​មុខ​​ប៉ុ​ណ្ណោះ​ទេ ពោលគឺ​សូម្បី​តែ​​របៀប​តុប​តែង​ខ្លួន របៀប​និយាយ​ កាយវិកា​ ​​ការ​លេ​​ង​ទឹក​មុ​ខ ​និង​ការ​ដាក់​អារម្មណ៍ ក៏​នឹង​​តម្រូវ​ឲ្យ​សិស្ស​ទាំង​​អស់​​​​រៀន​ពី​​​របាំ​សម័យ របាំ​បុរាណ របាំ​បាឡេ ក្បាច់គុ​នខ្មែរ ក្បាច់​គុន​បរទេស និង​​​បង្រៀន​ផ្នែក​​​​កាយសម្ព័ន្ឋ ​ដើម្បី​​ពត់​ដង​ខ្លួន​ឲ្យ​ស្អាត និង​ដើម្បី​ថែរក្សា​រាង​ ​​ឲ្យស្វែល​បាន​យូរ ​​​​​​​​ដូច​គ្នា​នឹង​តារា​បរទេស​ផង​ដែរ។ លោក​សាស្រ្តាចារ្យ​​​មាន​ប្រសាសន៍​ថា៖«​​​ពាក្យ​ថា​សម្ដែ​ងកុន​មួយ​ម៉ាត់មិន​មែន​គ្រាន់​តែ​ស្អាត​ ចេះ​​​​​​យំ​ចេះ​​​សើច​ និង​ចេះ​ដាក់​អារម្មណ៍​គឺ​គ្រប់​គ្រាន់​នោះ​ទេ គឺ​​​​ត្រូវ​យល់​តាំង​ពី​​ប្លង់​កាមេរ៉ា តាំង​ពី​​​រៀប​ចូល​តួ ​និង​អ្វី​​ដែល​ជា​​​​កន្សោម​​​​​​​​ក្នុង​​ភាព​យន្ត​ទៅ​ទៀត អញ្ចឹង​ហើយ​ទើប​​វគ្គ​សិក្សា​នេះ​​​យើង​ផ្ដោត​ឲ្យ​ចេះ​របាំ​ ក្បាច់​គុន ​​​​​​លំហាត់​ប្រាណ​ថែ​រក្សា​រាង របប​អាហារ ​ការ​ថែទាំសុខ​ភាព ​ការ​​​ដាក់​អារម្មណ៍​​ក្នុង​ពេល​សម្ដែង និង​​​ការ​រៀប​ចំ​ខ្លួន​យ៉ាង​​មិច​ឲ្យ​សម និយាយ​រួម​​ពាក្យ​ថា​​​កុន​មួយ​ម៉ាត់​ទូលំទូលាយ​ណាស់ ​បើ​តារា​យើង​​មិន​​​ស្គាល់​មិន​រៀន​​​​​ឲ្យ​ច្បាស់ គឺ​​​ចូល​ស្ដង់​ដារ​គេ​​អត់​បានទេ​​!»។ វគ្គ​​ដំបូង​នេះ​លោក​ថា​នឹង​មាន​​តារា​ចាស់​ក្មេង​​ចូល​រៀន​មិន​តិច​នោះ​ទេ ដោយសារ​តែ​ក្នុង​ពេល​នេះ​មាន​អ្នក​​​ចុះ​​ឈ្មោះ​​ច្រើន​នាក់​មក​ហើយ​។ ​អ្វី​ដែល​​​សំខាន់​គឺ​តារា​សិល្បៈ​ទាំង​អស់ នឹង​បាន​​សិក្សា​ជា​មួយ​ផលិតករ​​​​ក្នុង​ស្រុក និង​ក្រៅ​ស្រុកជំនា​ញ​ផ្នែក​កុន​ ​​ហើយ​ងាយ​ស្រួល​​​ពង្រីក​ទីផ្សារ​សម្ដែង​បំផុត ក្រោ​យ​ពេល​​ក្រសួង​វប្ប​ធម៌​​ចេញ​​​​លិខិត​ទទួល​ស្គាល់​ផ្លូវ​ការ​។ ពិធីការិនី អ្នក​នាង ​ខៀវ សានសាណា មាន​ប្រសាសន៍ថា​លោក​នឹង​ចំណាយ​ពេល​​​សិក្សា​ពី​​វគ្គ​​​ដំបូង​នេះ បើ​ទោះ​នាង​​​​​មិ​ន​ចង់​ចាប់​អាជីព​ជា​អ្នក​សម្ដែង​​ទៅ​ថ្ងៃ​អនាគត​។ ​ពិធីការិនី​រូប​នេះនិយាយ​ថា៖«​​​ទោះ​ខ្ញុំជា​ពិធីករ ជា​អ្នក​​ផលិតកម្មវិធី តែ​ខ្ញុំ​​នឹង​​ចូល​រៀន​ ​ដើម្បី​​​ឲ្យស្គាល់​ពី​​អ្វី​ហៅ​ថា​ការ​​​សម្ដែងកុន​! ​ហើយ​បើ​តាម​ខ្ញុំ​ស្ដាប់​​វគ្គ​សិក្សា​នេះ ​មាន​តារា​យើង​ច្រើន​ចាប់​អារម្មណ៍ ដោយ​សារ​តែ​តារា​យើង​រាល់​ថ្ងៃ​​បាន​ទៅ​រៀនសម្ដែង​តែ​ក្នុង​ក្លិប​​តូច​ៗ​​​មិន​មាន​ស្ដង់​ដារ​នោះ​ទេ​នា​ពេល​កន្លង​មក​!»។ កញ្ញាហេង ស្រី​ពេជ្រ ​​​​ដែល​ភាគ​ច្រើន​ត្រូវ​គេ​ឃើញ​សម្ដែង​ជា​តួ​ម្ដាយ​​​អ្នក​មាន(តួជំទាវ)សម្ដែង​ការ​សាទរចំពោះ​​​វគ្គ​សិក្សា​នេះ ​ដោយ​ស្នើ​​ឲ្យ​​ក្រសួង​វប្បធម៌ និង​​​សាលា​វិចិត្រ​សិល្បៈ ​ ផ្សព្វ​ផ្សាយ​​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​​​ឲ្យ​តារា​សិល្បៈដែល​ត្រូវ​ការ​ជំនាញ​​​​​​មាន​ឱកាស​​​​ទទួល​យកការ​បណ្ដុះ​បណ្ដាល​។ ​អ្នក​នាងបន្ត​​ថា​អ្នក​នាង​​​​នឹង​ចុះ​ឈ្មោះ​​ទទួល​យក​ការ​សិក្សា ​ បើ​ទោះ​​ជា​ត្រូវ​​ចំណាយ​ពេល​​​​៣ខែ ដែល​​​មាន​ការ​ប៉ះ​ពាល់​​​ទីផ្សារ​សម្ដែង​​​របស់​ខ្លួន​៕វឌ្ឍនា

20150717-083347.jpg

20150717-083352.jpg

...

20150717-083357.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print