ភ្នំពេញ:ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្កើតឲ្យមានថ្នាក់សិក្សាសម្ដែងភាពយន្ត ដែលគេមិនធ្លាប់ឃើញសោះ នាពេលកន្លងមកនៅកម្ពុជា។ នេះបើយោងតាមការប្រកាសជាផ្លូវការក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងនៅសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី១៦ខែកក្កដា។ លោក អោក ប៊ុនធឿន ជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត និងជាសាស្ត្រាចារ្យឯកទេសសម្ដែងនិពន្ធ និងកំណាព្យ។ លោកបានថ្លែងថាក្រោយបញ្ចប់វគ្គសិក្សាផ្នែកសម្ដែងភាពយន្តមកពីប្រទេសកូរ៉េខាងត្បូង លោកក៏បានជជែកជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងវប្បធម៌ ដើម្បីសម្រេចឲ្យមានវគ្គសិក្សានេះឡើង ដោយមានគ្រូៗជាអ្នកជំនាញធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតនិងបណ្ឌិតផ្នែកសម្ដែងទាំងក្នុង និងក្រៅប្រទេសមកជួយបង្វឹក។ លោកបន្តថាវគ្គសិក្សានេះត្រូវបានកំណត់ហៅថាជាសាលាបង្រៀនសម្ដែងកុនលើកដំបូងនៅកម្ពុជា ដោយគ្រោងដំណើរការចាប់ពីថ្ងៃទី៣១ ខែកក្កដាតទៅ និងមានរយៈពេល៣ខែពេញ។លោក បានឲ្យដឹងទៀតថាក្រោយបញ្ចប់ការសិក្សា សាលានឹងចេញវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្តែចំពោះតែរាល់សិស្សណាដែលត្រូវគណៈកម្មការវាយតម្លៃថាមានទេពកោសល្យសម្ដែង(ភាពយន្ត)ពេញលេញក្រោយពីបណ្ដុះបណ្ដាលប៉ុណ្ណោះ។ លោកបន្តថាចំពោះអ្នកខ្វះគុណភាព សាលានឹងតម្រូវឲ្យរៀនទាល់តែអាចសម្ដែងកុនបាន។ លោកមានប្រសាសន៍ថានៅសាសាវិចិត្រសិល្បៈកន្លងមក យើងមានជំនាញសម្ដែង តែជាការសម្ដែងល្ខោននាដកម្មប៉ុណ្ណោះ អញ្ចឹងហើយទើបថ្នាក់សម្ដែងភាពយន្តនេះ គឺជាលើកដំបូងនៅកម្ពុជាចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមក ដើម្បីឲ្យស្របនឹងប្រទេសនៅអាស៊ាន ដែលគេសុទ្ធតែមានសាលាសម្ដែងកុនទាំងអស់ មុននឹងទទួលយកបុគ្គលណាម្នាក់ឲ្យក្លាយជាតារាភាពយន្ត។ បើតាមលោក អោក ប៊ុនធឿន វគ្គដំបូងនេះនឹងបើកផ្លូវឲ្យតារាសិល្បៈដែលមានអាជីពស្រេច ឬអ្នកមានចំណូលចិត្តចង់ក្លាយជាអ្នកសម្ដែង ចាប់ពីវ័យ៦ឆ្នាំដល់៦០ឆ្នាំ ឲ្យទទួលបានគ្រឹះជាតារាសម្ដែងពិតប្រាកដ មុននឹងចូលប្រឡូកក្នុងភាពយន្ត។ លោកថាថ្នាក់សិក្សានេះនឹងបណ្ដុះបានធនធានតារាភាពយន្តដែលមានគុណភាពកាន់តែប្រសើរ បើទោះជាមិនទាន់ឈានដល់កម្រិតស្ដង់ដារ១០០%ដូចនៅក្រៅប្រទេស ដែលគេមានមានសាលាបែបនេះយូរហើយ។ ក្នុងការសិក្សារយៈពេលពេញ៣ខែនេះ តារាសិល្បៈទាំងអស់នឹងតម្រូវឲ្យហ្វឹកហ្វឺនដោយផ្ទាល់ជាមួយអ្នកជំនាញភាពយន្តនិងជាមួយកាមេរ៉ា ព្រមទាំងឧបករណ៍សម្រាប់ថតភាពយន្ត ដើម្បីឲ្យស្គាល់អ្វីហៅថាប្លង់ថត ពាក្យបច្ចេកទេសក្នុងពេលថត និងសកម្មភាពសំខាន់ៗពេលចុះថតកុន។ លោកថាថ្នាក់សិក្សាដែលមិនធ្លាប់មាននេះ មិនផ្ដោតតែលើទម្រង់ទឹកមុខតែមួយមុខប៉ុណ្ណោះទេ ពោលគឺសូម្បីតែរបៀបតុបតែងខ្លួន របៀបនិយាយ កាយវិកា ការលេងទឹកមុខ និងការដាក់អារម្មណ៍ ក៏នឹងតម្រូវឲ្យសិស្សទាំងអស់រៀនពីរបាំសម័យ របាំបុរាណ របាំបាឡេ ក្បាច់គុនខ្មែរ ក្បាច់គុនបរទេស និងបង្រៀនផ្នែកកាយសម្ព័ន្ឋ ដើម្បីពត់ដងខ្លួនឲ្យស្អាត និងដើម្បីថែរក្សារាង ឲ្យស្វែលបានយូរ ដូចគ្នានឹងតារាបរទេសផងដែរ។ លោកសាស្រ្តាចារ្យមានប្រសាសន៍ថា៖«ពាក្យថាសម្ដែងកុនមួយម៉ាត់មិនមែនគ្រាន់តែស្អាត ចេះយំចេះសើច និងចេះដាក់អារម្មណ៍គឺគ្រប់គ្រាន់នោះទេ គឺត្រូវយល់តាំងពីប្លង់កាមេរ៉ា តាំងពីរៀបចូលតួ និងអ្វីដែលជាកន្សោមក្នុងភាពយន្តទៅទៀត អញ្ចឹងហើយទើបវគ្គសិក្សានេះយើងផ្ដោតឲ្យចេះរបាំ ក្បាច់គុន លំហាត់ប្រាណថែរក្សារាង របបអាហារ ការថែទាំសុខភាព ការដាក់អារម្មណ៍ក្នុងពេលសម្ដែង និងការរៀបចំខ្លួនយ៉ាងមិចឲ្យសម និយាយរួមពាក្យថាកុនមួយម៉ាត់ទូលំទូលាយណាស់ បើតារាយើងមិនស្គាល់មិនរៀនឲ្យច្បាស់ គឺចូលស្ដង់ដារគេអត់បានទេ!»។ វគ្គដំបូងនេះលោកថានឹងមានតារាចាស់ក្មេងចូលរៀនមិនតិចនោះទេ ដោយសារតែក្នុងពេលនេះមានអ្នកចុះឈ្មោះច្រើននាក់មកហើយ។ អ្វីដែលសំខាន់គឺតារាសិល្បៈទាំងអស់ នឹងបានសិក្សាជាមួយផលិតករក្នុងស្រុក និងក្រៅស្រុកជំនាញផ្នែកកុន ហើយងាយស្រួលពង្រីកទីផ្សារសម្ដែងបំផុត ក្រោយពេលក្រសួងវប្បធម៌ចេញលិខិតទទួលស្គាល់ផ្លូវការ។ ពិធីការិនី អ្នកនាង ខៀវ សានសាណា មានប្រសាសន៍ថាលោកនឹងចំណាយពេលសិក្សាពីវគ្គដំបូងនេះ បើទោះនាងមិនចង់ចាប់អាជីពជាអ្នកសម្ដែងទៅថ្ងៃអនាគត។ ពិធីការិនីរូបនេះនិយាយថា៖«ទោះខ្ញុំជាពិធីករ ជាអ្នកផលិតកម្មវិធី តែខ្ញុំនឹងចូលរៀន ដើម្បីឲ្យស្គាល់ពីអ្វីហៅថាការសម្ដែងកុន! ហើយបើតាមខ្ញុំស្ដាប់វគ្គសិក្សានេះ មានតារាយើងច្រើនចាប់អារម្មណ៍ ដោយសារតែតារាយើងរាល់ថ្ងៃបានទៅរៀនសម្ដែងតែក្នុងក្លិបតូចៗមិនមានស្ដង់ដារនោះទេនាពេលកន្លងមក!»។ កញ្ញាហេង ស្រីពេជ្រ ដែលភាគច្រើនត្រូវគេឃើញសម្ដែងជាតួម្ដាយអ្នកមាន(តួជំទាវ)សម្ដែងការសាទរចំពោះវគ្គសិក្សានេះ ដោយស្នើឲ្យក្រសួងវប្បធម៌ និងសាលាវិចិត្រសិល្បៈ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យតារាសិល្បៈដែលត្រូវការជំនាញមានឱកាសទទួលយកការបណ្ដុះបណ្ដាល។ អ្នកនាងបន្តថាអ្នកនាងនឹងចុះឈ្មោះទទួលយកការសិក្សា បើទោះជាត្រូវចំណាយពេល៣ខែ ដែលមានការប៉ះពាល់ទីផ្សារសម្ដែងរបស់ខ្លួន៕វឌ្ឍនា
ថ្នាក់បង្រៀនភាពយន្តលើកដំបូងត្រូវបានបង្កើតឡើងនៅកម្ពុជា
...