ខេត្តកំពង់ឆ្នាំង ៖ ក្រុមអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តចាប់បានជាបន្តបន្ទាប់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ។
ប្រតិបត្តិការចាប់ក្រុមចែកចាយ និង ប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែកក្កកដា ឆ្នាំ២០១៥ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យទាំង៦នាក់នេះ ១.ឈ្មោះហួរ សាយ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រស្បែកជើង រស់នៅ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។២.ឈ្មោះម៉ម ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រស្បែកជើង រស់នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង២នាក់នេះជាអ្នកចែកចាយគ្រឿងញៀន ។ ៣.ឈ្មោះសឿន ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ ៤.សួស យូវនាថ ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះស៊ី ណារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ និង៦.ឈ្មោះវណ្ណ ភារុំ ភេទប្រុស អាយុ១៤ឆ្នាំ ជនសង្ស័យទាំង៤នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន រស់នៅ ក្នុងស្រុកកំពង់ត្រឡាច ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានម៉ូតូ៣គ្រឿង ទូរស័ព្ទដៃ២គ្រឿង ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៣កញ្ចប់ និងសម្ភារៈសម្រាប់ជក់មួយចំនួនផងដែរ ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ សមត្ថកិច្ចបាន ស្រាវជ្រាវរកឃើញជនសង្ស័យ៤នាក់ដែលបានធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ។ ក្រោយពីសាកសួរជនសង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចបានស្រាវជ្រាវបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដែលជាកម្មកររោងចក្រស្បែកជើង និងជាអ្នកសកម្មក្នុងការចែកចាយប្រើប្រាស់គ្រឿងញៀន ។ ក្រោយពីឃាត់សមត្ថកិច្ចបានធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ចន្ថា