ខេត្តកំពង់ធំ ៖ នៅរសៀលម៉ោង១និង៤០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង សហការជាមួយលោក ទិត្យ សំណាង ប្រធានការិយាល័យព្រហ្មទណ្ទកំរិតស្រាល ព្រមទាំងមន្ត្រីក្រោមឳវាទ ចុះបង្ក្រាបទីតាំងល្បែងដុះស្លែរមួយ កន្លែងដែលស្ថិតនៅក្រោមឃ្លៀក លោក ប្រាក់ ផាណូ នាយប៉ុស្តិ៍រដ្ឋបាលឃុំក្រវ៉ា ចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងភូមិ ក្រវ៉ា ឃុំ ក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋ បានឲ្យដឹងថា បនល្បែងស៊ីសង នេះបានលេងមកយូរយាណាស់មកហើយ ដែលមានម្ចាស់ផ្ទះឈ្មោះ រី អតីតធ្លាប់ពាក់ព័ន្ឋទៅនឹងការលួចគោកន្លងមក ដែលបានសាងសង់ផ្ទះឈើលើ ថ្មក្រោម ធ្វើរបងថ្មលិចក្បាលបាត់ ហើយមានច្រកចូលតែមួយ ជាហេតុធ្វើឲ្យ សមត្ថកិច្ចអាចក្រសោបបានទាំងអស់ ដោយសារតែរបងថ្មនោះមានដាក់អំបែងកែវផង ទើបក្រុមញៀនល្បែងមិនមានឳកាសរត់រួច ចំណែកការលេងល្បែងអាប៉ោងនេះ ត្រូវបានភ្នាល់ចាញ់ឈ្នះដើមផាន់ ពី១០លានរៀល ទៅ២០លានរៀល ក្រៅពីល្បែងអាប៉ោង គឺមានល្បែងបៀ និងជល់មាន់ ចំណែកការលេងល្បែងស៊ីសងនេះ គឺត្រូវបាន ប្រភពព័ត៌មានបញ្ជាក់ថា បង់ឲ្យលោក ប្រាក់ ផាណូ ក្នុងមួយខែ៥០០ដុល្លារ ក្នុងនោះមានលោកមេឃុំក៏បានទទួលលាភសក្ការផងដែរ ទើបបនល្បែងនេះអាចធ្វើសកម្មភាពបានយ៉ាងរលូន ក្នុងដែនគ្រប់គ្រងរបស់លោក ស្រី ចាន់ស៊ីណា អធិការងស្រុកបាយណ៍ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងបង្ក្រាបទីតាំងបនល្បែងស៊ីសងនេះ គឺទទួលលទ្ធផល រឹបអូសបានម៉ូតូ១៣គ្រឿង មនុស្សប្រុស ស្រី ២៣នាក់ និរថយន្ត២គ្រឿង ក្នុងនោះមានរថយន្តលុចស៊ីសពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2N- 1164 និងរថយន្តកាម៉ារីស្វិតមួយគ្រឿង គ្រាប់អាប៉ោង១០គ្រាប់ និងបៀមួយចំនួន មនុស្សនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅល្ងាចម៉ោង៥និង៣០នាទី ។
ប្រជាពលរដ្ឋបានសម្តែងនូវការត្រេតអរដែលសមត្ថកិច្ច អាចបង្ក្រាបបនល្បែងស៊ីសងនេះ ដោយសារតែកន្លងមកទីតាំងនេះ ត្រូវបានពាក់ផ្អែកខ្នងក្រាស់ និងគ្រប់ដណ្តប់ដោយអធិការស្រុកបារាយណ៍ ដោយមិនអាចនណាម្នាក់ហ៊ាន លូកដៃនោះទេ តែនេះជាលទ្ធផលការបង្ក្រាប ដើម្បីបង្ហាញស្នាដៃ និងគុណសម្បត្តិលោក ទិត្យ សំណាង ដែលទើបតែ ឡើងកាន់តំណែងថ្មី បានបំពេញភារកិច្ចបានលទ្ធផលល្អត្រចះត្រចង់ ក្នុងនោះប្រជាពលរដ្ឋ សង្ឃឹមថាសកម្មភាពបង្ក្រាបបនល្បែងស៊ីសងក្នុងស្រុកបារាយណ៍នេះនិងមានជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកាត់ចោរលួច ចោរប្លន់ និងចោរឆក់ ព្រោះកន្លងមក ស្រុកបារាយណ៍ គឺជាប្រភពជាប់លំដាប់ថ្នាក់លេខ១ ខាងចោរកម្ម និងគ្រឿងញៀន ៕ ប៊ុន រិទ្ធី