ក្រោយ​កូរ៉េខាងជើង ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី ;ពេល​នេះ​ម៉ាឡេស៊ី​ បញ្ជាឲ្យមន្រ្តីទូតកូរ៉េខាងជើងចាកចេញទាំងអស់ក្នុងរយៈពេល ២ថ្ងៃ

ចែករំលែក៖

អន្តរជាតិ​៖​ រដ្ឋាភិបាលម៉ាឡេស៊ី​ បានថ្កោលទោសកូរ៉េខាងជើង ជុំវិញការផ្តាច់ទំនាក់ទំនងការទូត និងបិទស្ថានទូតនៅក្នុងទីក្រុងព្យុងយ៉ាង​ ដោយ​ដាក់បញ្ជាឲ្យបុគ្គលទូតកូរ៉េខាងជើង​ទាំងអស់​ ចាកចេញក្នុងរយៈពេល ៤៨ម៉ោង​ ក្រោយ​កូរ៉េខាងជើងប្រកាសផ្តាច់ទំនាក់ទំនងការទូត។​ បើតាមរដ្ឋាភិបាលក្រុងគូឡាឡាំពួ កាយវិការរបស់ក្រុងព្យុងយ៉ាងជាទង្វើអមិត្ត បំផ្លិចបំផ្លាញ និងមិនគោរពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាក់ស្ដែង​នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១​ ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីទាំងអស់ បន្ទាប់ពីអាជ្ញាធរប្រទេសមួយនេះ បញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ទៅអាមេរិក ដោយប្រឈមនឹងបទចោទលាងលុយកខ្វក់ ស្របពេលកូរ៉េខាងជើងអះអាងថា ពលរដ្ឋខ្លួនរកស៊ីស្របច្បាប់ជាច្រើនឆ្នាំមកហើយ។ កូរ៉េខាងជើងថែមទាំងគំរាមម៉ាឡេស៊ី និងអាមេរិកថែមទៀត។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia​បាននិយាយថា​ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសេចក្តីថ្លែងការណ៍ខាងលើ ម៉ាឡេស៊ី ក៏មិននៅស្ងៀមដែរ និងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ដែលបានកាត់ផ្តាច់ទំនាក់ទំនងការទូត។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថា ខ្ខួននឹងបិទស្ថានទូតខ្លួននៅក្នុងទីក្រុងព្យុងយ៉ាងវិញ។ ទន្ទឹមនេះ ម៉ាឡេស៊ី បានបញ្ជាឱ្យបុគ្គលិកទូតកូរ៉េខាងជើង និងអ្នកពាក់ព័ន្ធបុគ្គលិកទូតកូរ៉េខាងជើងផ្សេងទៀត ត្រូវចាកចេញពីប្រទេសមួយនេះ រយៈពេល ២៤ម៉ោង។

ចំណែក​ក្រសួងការបរទេសម៉ាឡេស៊ី បានលើកឡើងដែរថា៖«ម៉ាឡេស៊ី ថ្កោលទោសការសម្រេចចិត្តប្រកបដោយអមិត្ត, គ្មានលក្ខណៈស្ថាបនា និងមិនគោរពទំនាក់ទំនងទៅវិញទៅមក»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ដោយបន្ថែមថា ម៉ាឡេស៊ី នឹងការពារសិទ្ធិរបស់ខ្លួនទាំងអស់ ក្នុងតបនឹងសេចក្តីសម្រេចរបស់កូរ៉េខាងជើង ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិ។

គួររម្លឹកដែរថា​ ជនជាតិកូរ៉េខាងជើងលោក Mun Chol Myong ត្រូវបានម៉ាឡេស៊ីចាប់ខ្លួន នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីអាមេរិក ចោទថាបុរសរូបនេះបានលាងលុយកខ្វក់ និងក្លែងបន្លំឯកសារគាំទ្រការដឹកជញ្ជូនខុសច្បាប់ទៅកូរ៉េខាងជើង។ បុរសជនជាតិកូរ៉េខាងជើងរូបនេះ នៅថ្ងៃទី៣ ខែមីនាកន្លងទៅ បានចាញ់ក្តីនៅតុលាការកំពូលម៉ាឡេស៊ី ក្នុងការធ្វើបត្យាប័នទៅអាមេរិក ដែលលោក Mun ចាត់ទុកថា មានចរិតនយោបាយ។

គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ​ កូរ៉េខាងជើង​ និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា។ ខណៈ​ទំនាក់ទំនងទ្វេភាគី មានលក្ខណៈល្អូកល្អឺនណាស់ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំមានការធ្វើឃាត លោក Kim Jong Nam ដែលត្រូវជាបងប្រុសគីម ជុងអ៊ុន នៅម៉ាឡេស៊ី។ បន្ទាប់ពីហេតុករណ៍នោះ ប្រទេសទាំងពីរ បានបណ្តេញអគ្គរដ្ឋទូតចេញពីប្រទេសទៅវិញទៅមកថែមទៀត៕ដោយ​៖ស​ តារា​

រូបភាព​៖ស្ថានទូតកូរ៉េខាងជើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី

...

រូបថត​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print