ភ្នំពេញ៖ បន្ទាប់ពីថៅកែហាងលក់សំលៀកបំពាក់យីហោ”លឹមហុង” ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២ ភ្លាមនោះអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។
បេីតាមលោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការរងនគរបាលនៃអធិការដ្ឋានខណ្ឌ ៧មករា បានឲ្យដឹងថា ថៅកែហាងលក់សំលៀកបំពាក់លឹមហុង ស្ថិតក្នុងសង្កាត់មនោរម្យ ខាងលិចភោជនីដ្ឋានថ្មដា តាមបណ្តោយផ្លូវកម្ពុជាក្រោម ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩។
លោក រស់ ស៊ីណា បន្តថា ភ្លាមៗក្រោយទទួលបានការជូនដំណឹង របស់ក្រសួងសុខាភិបាល ពីស្ថានភាពជំងឺកូវីដ-១៩នេះ អាជ្ញាធរខណ្ឌ បានសម្រេចបិទហាងលក់សំលៀកបំពាក់នេះ មិនឱ្យបុគ្គលិកព្រមទាំងអ្នកពាក់ព័ន្ធជាមួយហាងលក់សំលៀកបំពាក់នេះ ចេញមកខាងក្រៅនោះឡើយ។
លេីសពីនេះលោកអធិការរង បានគូសបញ្ជាក់បន្ថែមថា៖ ជំហ៊ានដំបូងមានអ្នកពាក់ព័ន្ធជាមួយនឹងថៅកែហាងលក់សំលៀកបំពាក់ មានចំនួន៣០នាក់ ក្នុងនោះមានបុគ្គលិក២៥នាក់ និងក្រុមគ្រួសារចំនួន៥នាក់។ បច្ចុប្បន្ននេះ បុគ្គលិកមួយចំនួន កំពុងស្ថិតក្នុហាង។ ចំណែកបុគ្គលិកចេញក្រៅ ត្រូវបានគេកោះហៅឱ្យចូលមកវិញជាបណ្តើរៗ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកដល់ ដើម្បីរកសំណាក៕ដោយ៖ស តារា