ខេត្តកំពត ៖ មុខសញ្ញាជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទយ៉ាងសកម្មលួចយកបានទូរសសព្ទ័ដៃរាប់រយគ្រឿងនៅក្នុងខេត្តកំពតកាលពីអំឡុងខែមករា និងកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពតសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង១និង១៧នាទីរសៀលថ្ងៃទី១៩ ខខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៥ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជនសង្ស័យម្នាក់ខាងលើនេះឈ្មោះហែម ហ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរសព្ទ័ចំនួន៥គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅចំនួន១, អាវក្រណាត់ដៃវែងពណ៌ឈាមជ្រូកចំនួន១, ខោខូវប៊យជើងវែងពណ៌ខៀវចំនួន១ ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់បង្អួចផ្ទះជនរងគ្រោះលួចយកទូរសព្ទ័ដៃបានចំនួន២លើកនាពេលកន្លងមកនៅក្នុងខេត្តកំពត ដោយលើកទី១-កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង ខ្លួនលួចនៅហាងទូរសព្ទ័ដៃយីហោទូកមាសថ្មី ស្ថិតក្នុងភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត យកបានទូរសព្ទ័ដៃចំនួន៨០គ្រឿង។
ជនសង្ស័យបានសារភាពបន្តថា លើកទី២-នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ខ្លួនបានចូលលួចនៅហាងលក់ទូរសព្ទ័ដៃយីហោ(ធីបញ្ញាពេជ្រ) ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត យកបានទូរសព្ទ័ដៃគ្រប់ម៉ាកចំនួន២៩៧គ្រឿង។
ក្រោយពេលធ្វើការសាកសួររួច នៅថ្ងៃទី២១ ខខែមីនា ឆ្នាំ ២០២១ នេះជនសង្ស័យម្នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចសហការចម្រុះជាមួយនាយកដ្ឋានក្រសួងមហាផ្ទៃនិងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់ជូនទៅកម្លាំងការិយាល័យព្រហ្មទណ្ឌ័នៃស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការបន្តតាមនីតិវិធី ៕