ភ្នំពេញ ៖ សូមបញ្ជាក់ជូនថា, តាមតួលេខ ចាប់ពីផ្ទុះព្រឹក្តិការណ៍សហគមន៍ ២០កុម្ភៈ មកទល់នឹងពេលនេះ មានប្រជាពលរដ្ឋខ្មែរ និង បរទេសជាច្រើនដែលបានឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ មានចំនួន ១៧៥៣ នាក់ហើយនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងដ៏កំហុកបែបនេះ នៅក្នុងពេលនេះដែរជំងឺកូវីដ-១៩នេះវាបានឆក់យកអាយុជីវិតរបស់ប្រជាជនខ្មែរចំនួន ៤នាក់ហើយមកទល់ពេលនេះ។ ក្នុងនោះជនរងគ្រោះមានដូចខាងក្រោម៖
-ករណីទី ១/-កាលពីថ្ងៃទី ១១ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ឡៅ វណ្ណា ភេទ ប្រុស អាយុ ៥០ ឆ្នាំ មានទីតាំងស្ថិតនៅ ផ្ទះលខ ៥៧ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកជំងឺដំបូងគេនៅកម្ពុជាដែលបានស្លាប់ដោយសារជំងឺកីវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ មានមុខរបរបើកឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ ។
-ករណីទី ២/-នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ នួន សុផានី ភេទ ស្រី អាយុ ៦២ ឆ្នាំ មានទីតាំងស្ថិតនៅ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត និង ត្រូវជាឧត្តមភរិយារបស់អ្នកចម្រៀងជើងចាស់លោក ហូរ ឡាវី បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
-ករណីទី៣/-អ្នកជំងឺឈ្មោះ គឹម ឃីស៊ុន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ។
-ករណីទី៤/-នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស្តើង ជា ភេទ ប្រុស អាយុ ៧៥ ឆ្នាំ មានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ៗថា ដំណាក់កាលនេះការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាការពិត មិនមែនជាការលេងសើចទេ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ហើយសូមអំពាវនាវដល់សាធារណជនមេត្តា កុំមានការយល់ខុសទៀត ថា ការស្លាប់នេះគឺជាការរៀបចំឲ្យសោះ !! លោកស្រី ប្រាប់ប្រជាពលរដ្ឋផង ស្រក់ទឹកភ្នែកផង ! ៕
ដោយ, សិលា