សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគ របេង ថ្ងៃទី២៤ខែ មីនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ !

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល!
ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ! បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ ទាំងអស់ក្នុងពិភពលោកក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “នាឡិការោទិ៍ ដល់ពេលយើងរួមគ្នារក្សាកិច្ចសន្យាប្ដេជ្ញា ចិត្តដើម្បីបញ្ចប់ជំងឺរបេងៗ (The Clock is Ticking! It’s Time to Keep Our Promises, It’s Time to End IB)។ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញនិងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយនិងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃនិង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល មានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេស គំរូមួយសម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផល ដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។
យើងក៏បានធ្វើការស្រាវជ្រាវនិងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា យើងមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែង អត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៧ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ ក្នុងឆ្នាំ ២០១៩ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៦០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់)បានធ្លាក់ចុះពី៥៧៩ ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់២៨៧ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០១៩ ដែលស្មើនឹង ៥០%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្ស ពាក់ព័ន្ធនឹងអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់ជំងឺរបេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។

ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថាប្រទេស កម្ពុជាយើងនៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើង ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀត នូវ អត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃព្រះរាជាណាចក្រ កម្ពុជានិងសកលលោក។

ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តនិងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហា ជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាព ល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹង នាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់ កម្ពុជាគឺអាស្រ័យលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគត របស់ប្រទេស។

យើងមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ ដែលបានសង្កត់ធ្ងន់ លើភាពចាំបាច់ និងរួសរាន់ដែលពិភពលោកទាំងមូលត្រូវដាក់ទុនថែម ព្រមទាំងរួបរួមគ្នាបង្កើនល្បឿន ដើម្បី បំពេញកិច្ចការ ដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាល ជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុង មួយឆ្នាំៗមានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់បានទទួលសេវាថែទាំនិងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិត មនុស្សក្នុងមួយឆ្នាំៗ ប្រមាណ ១ ៤០០ ០០០នាក់។

យើងរំពឹងថា ប្រធានបទនេះនឹងសំដៅជំរុញការស្រាវជ្រាវរកឱ្យឃើញនិងព្យាបាលឱ្យជាសះស្បើយដល់ អ្នកជំងឺរបេងប្រមាណ៣លាននាក់នៅក្នុងពិភពលោកដែលពុំទាន់បានទទួលសេវា។ ដូច្នេះ យុទ្ធនាការទិវារបេង ពិភពលោកឆ្នាំ២០២១នេះ នឹងបន្តបំផុសឱ្យមនុស្សទាំងឡាយនៅលើសកលលោកឱ្យមានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពដោយរួមគ្នានឹងមានលក្ខណៈសកម្មជាងមុន ដើម្បីឱ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នាទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានិងព្យាបាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញ ពិភពលោកមួយដែលគ្មានជំងឺរបេងនិងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់ សកម្មភាពទាំងឡាយ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញនិងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែ ទំលំទូលាយនៅទូទាំងប្រទេស រាប់បញ្ចូលទាំងនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់ប្រជាពលរដ្ឋ ក្នុងការរើសអើងអ្នកជំងឺ និងការប្រតិបត្តិលើការរស់នៅគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីគេចចេញ ពីជំងឺនេះ ជាពិសេសការស្វែងរកការថែទាំព្យាបាល រួមទាំងការបង្ការជំងឺឱ្យទាន់ពេលវេលា ពីព្រោះជំងឺរបេង នេះបាននឹងកំពុងធ្វើឱ្យមនុស្សជាតិមានការខាតបង់យ៉ាងច្រើន រួមទាំងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងជាពិសេស អាយុជីវិត។ កិច្ចការនេះនឹងរួមចំណែកយ៉ាងសកម្មផុលផុសក្នុងការប្រយុទ្ធនឹងជំងឺរបេងនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាជនគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវសមិទ្ធផលការងារកំចាត់រោគរបេងក្នុងពេលកន្លងមក និងសូមសម្តែង នូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជានៅទូទាំងសកលលោក។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវនិងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែកនិងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុមិនត្រឹម តែរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមាន ភាពជឿជាក់ថា កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមាន ភាពម្ចាស់ការ ព្រមទាំងសម្រេចបានទិសដៅតាមផែនការដែលបានកំណត់។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារនិងអត្ថន័យនៃទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រោមប្រធានបទ “នាឡិការោទិ៍ ដល់ពេលយើងរួមគ្នារក្សាកិច្ចសន្យា ប្តេជ្ញាចិត្តដើម្បីបញ្ចប់ជំងឺរបេងៗ ក្លាយទៅជាការអនុវត្តជាក់ស្តែង ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា យើងអាចធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេង។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរនិងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ជូនពរសម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនកូនក្មួយ ជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print