ខេត្តកំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចត្រូវបិទការចេញ-ចូល ជាបណ្តោះអាសន្នផ្សារពង្រ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខេត្តបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលចំពោះអ្នកលក់ដូរក្នុងផ្សារពង្រនេះ។
ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើសូមភ្ញាក់រលឹក អញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមណ្ឌលសុខភាពឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ រៀងរាល់ពេលម៉ោងធ្វើការ។
សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក រលាប្អៀរ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំពង្រ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា