លោក សុខ ទីវេហា ធ្លាប់ត្រូវបានពលរដ្ឋ ប្តឹង ទៅ សម្តេចក្រឡាហោម ម្តងដែរ ឥឡូវដល់រឿងរត់ការចូលសញ្ជាតិលោតឆ័ត្រទៀត
ភ្នំពេញ, លោកមេធាវី ខាន់ សិរីវុទ្ធី នៃការិយាល័យមេធាវី អេ អែន ឌី ( A & D Law Office ) ជាមេធាវីតំណាងដោយអាណត្តិអោយលោក CHOI KUN WOONG បានធ្វើលិខិតអញ្ជើញលោកវរសេនីយ៍ទោ សុខ ទីវេហា អត្តលេខ ៦៨២៧៣ បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិ ស្នាក់នៅផ្ទះលេខ៣០៤អឺ២ ផ្លូវមង្គលអៀម ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អោយចូលខ្លួនដោះស្រាយរឿងលុយជាង១០ម៉ឺនដុល្លារអាមេរិក ។
តាមរយៈលិខិតអញ្ជើញ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ លោកមេធាវី ខាន់ សិរីវុទ្ធី សូមអញ្ជើញលោក សុខ ទីវេហា ដើម្បីចូលរួម «ដោះស្រាយអំពីបញ្ហាដែលលោក សុខ ទីវេហា បានយកប្រាក់ពី លោក CHOI KUN WOONG ចំនួន ១២៥,០០០ ដុល្លារអាមេរិក និង ការចេញមូលប្បទានបត្រ (សែក) នៃធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) របស់លោក» ទីតាំង គឺ នៅការិយាល័យមេធាវី អេ អែន ឌី ( A & D Law Office ) ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ #១០ (អគារ ខេម ស៊ី ឌី) ជាន់ទី២ បន្ទប់2FD ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
ការធ្វើលិខិតអញ្ជើញជាជំហរ នេះ ដោយសារលោកមេធាវី ខាន់ សិរីវុទ្ធី មិនអាចទំនាក់ទំនងទៅលោក សុខ ទីវេហា តាមរយៈទូរស័ព្ទ បាន និង ទៅដល់លំនៅឋាន នោះ ទ្វារក៏ជាប់សោរ ទៀតផង ។
គួររំលឹកថា នាពេលកន្លងទៅ លោក សុខ ទីវេហា ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋ ធ្វើពាក្យបណ្តឹង គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ ពាក់ព័ន្ធបទល្មើស «ឆបោកនិងរំលោភលើទំនុកចិត្ត រឿងបង់រំលស់រថយន្ត»។
ករណីនេះកើតឡើងដោយសាររត់ការចូលសញ្ជាតិ រួចហើយសុីលុយដាច់ មិនយកលុយមកទូទាត់អោយម្ចាស់គេវិញ ៕
ដោយ, សិលា