ខេត្តសៀមរាប, បើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងថា បុរសម្នាក់អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ ព្រោះបុរសនេះ បានឆ្លងជំងឺកូវីដ-១៩ ពីភ្ញៀវទេសចរបរទេសម្នាក់ ក្នុងអំឡុងពេលដែលគាត់មកខេត្តសៀមរាប ហើយបុរសរូបនេះជាអ្នករថយន្តដឹកភ្ញៀវនោះ ។
អង្គភាពមន្ទីរព័ត៌មានខេត្តបន្តថា, លោក ទិត ឌីរ៉ា បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរបរទេសរូបនោះ បានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលមកដល់ក្នុងប្រទេសកម្ពុជាហើយ ហើយមុនពេលត្រឡប់ទៅប្រទេសរបស់គាត់វិញ គាត់បានធ្វើតេស្តវត្ថុសំណាក ស្រាប់តែលទ្ធផលគឺវិជ្ជមានមេរោគកូវីដ-១៩ ខណៈពេលនេះ អាជ្ញាធរ សមត្ថកិច្ច និង អង្គភាពជំនាញ កំពុងតែមមាញឹកក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីនាំយកមកធ្វើចត្តាឡីស័ក ។
លោកចៅសង្កាត់គោកចក បើទោះបីជាមានការផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចកក៏ពិត ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ នៅតែអាចធ្វើចរាចរណ៍បានក្នុងភូមិសាស្ត្រសង្កាត់ រួមទាំងការអនុញ្ញាតឲ្យមានការលក់ដូរជាធម្មតា ដោយគ្រាន់តែណែនាំឲ្យពួកគាត់ ត្រូវអនុវត្តឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣ការពារ និង ៣កុំ ជាពិសេសការពាក់ម៉ាសការពារគ្រប់ពេលវេលា និង បញ្ហាគម្លាតសុវត្ថិភាព រីឯទំនិញនាំចូលសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ គឺការរៀបចំឲ្យមានការនាំចូលបណ្ដាក់គ្នា ពោលគឺអ្នកពីខាងក្រៅវេចខ្ចប់ទំនិញឲ្យបានត្រឹមត្រូវរួចយកមកទុកនៅកន្លែងត្រួតពិនិត្យចេញចូល ហើយអ្នកនៅខាងក្នុង ក៏ទៅយកទំនិញនោះ មកធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រសង្កាត់ ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន០៦នាក់ ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ និង នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៣នាក់ ៕
ដោយ, សិលា