ភ្នំពេញ ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន១២នាក់ បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ហើយចាប់ជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានភ្លាមៗ និងជាបទល្មើសប្លែកៗ សឹងមិនគួរអោយជឿ។
ករណីចាប់ជំរិតទារប្រាក់នេះ កើតឡើងនៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយកម្លាំងជំនាញបានរំដោះបុរសជនរងគ្រោះបានចំនួន០២នាក់ដោយសុវត្ថិភាព។
សមត្ថកិច្ចបានអោយដឹងថា, ក្នុងនោះដែរការប្រតិបត្តិការនេះ ធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ដោយមានការចូលរួមសហការ សម្របសម្រួលនីតិវិធី ដោយលោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ និង លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ និងបានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត។
ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ បន្ថែមទៀតនោះ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ក៏សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំដោះជនរងគ្រោះចំនួន០២នាក់ ដែលជាជនជាតិចិន រួចកម្លាំងនគរបាលបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននិងវៀតណាមបន្តបន្ទាប់ចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើកំណត់ហេតុសួរចម្លើយ។
សូមបញ្ជាក់ថា, នេះជាបទល្មើសប្លែក បំផុតដែលជនសង្ស័យបានរៀបផែនការ។ ប៉ុន្តែចំពោះអង្គហេតុនៃបទល្មើសនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ៕
ដោយ, សិលា