ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា, កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធសេវាកម្មទូរសព្ទរបស់ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន T-Mobile, Verizon និង AT&T ដែលអាចឱ្យជនខិលខូចបញ្ជូនសារ SMS ទៅទូរសព្ទផ្សេងបាន។
បើតាមការផ្សព្វផ្សាយរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ជនខិលខូចគ្រាន់តែចំណាយទឹកប្រាក់ ១៦ដុល្លារប៉ុណ្ណោះដើម្បីឱ្យជនអនាមិកធ្វើការផ្លាស់ប្ដូរសារ SMS ពីទូរសព្ទមួយទៅទូរសព្ទមួយទៀតបាន ដែលវិធីនេះអាចឱ្យពួកគេទទួលបានលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗមានដូចជា Telegram និង WhatsApp ជាដើម។ គួរបញ្ជាក់ដែរថា ការជ្រៀតចូលនេះគឺមិនដូចគ្នានឹងការជ្រៀតចូលតាមរយៈ SIM swapping ដែលជនខិលខូចតេទៅក្រុមហ៊ុនទូរសព្ទដើម្បីធ្វើការផ្លាស់ប្ដូរសេវាកម្មពីស៊ីមមួយ ទៅស៊ីមមួយទៀតនោះទេ។
ទោះបីជាបច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទទាំងបីធំៗនៅសហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពកែសម្រួលបញ្ហានេះហើយក្ដី ប៉ុន្តែវាគឺជាឧទាហរណ៍ដ៏ល្អមួយទៀតដែលបង្ហាញពីភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធផ្ញើសារ SMS ដែលធ្វើឱ្យការប្រើប្រាស់សារ SMS ក្នុងការបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ 2FA មិនមានសុវត្ថិភាពខ្ពស់។ ដូច្នេះហើយបានជានាយកដ្ឋានបានណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដែលមានផ្ទុកឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយប្រព័ន្ធ 2FA ដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់៕
ដោយ, សិលា