អន្តរជាតិ៖ វេជ្ជបណ្ឌិត Tawee Chotpitayasunondh សមាជិកគណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងថៃ បានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដោយអះអាងថា គ្រូពេទ្យបានពិនិត្យរួចហើយ លេីបុរសជនជាតិថៃម្នាក់ ដែលបានទទួលមរណភាព បន្ទាប់ពីចាក់វ៉ាក់សាំងបានរយៈពេល ១០ថ្ងៃ។ ប៉ុន្តែយ៉ាងណាមិញ អាជ្ញាធរថៃ នៅថ្ងៃទី២៦ ខែមីនាដែលនេះ ក៏បានអះអាងថា ករណីស្លាប់របស់បុរសរូបនោះ មិនមែនដោយសារវ៉ាក់សាំងឡើយ ប៉ុន្តែដោយសារជំងឺរ៉ាំរ៉ៃរបស់លោក ហើយអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់។
លោកវេជ្ជបណ្ឌិត Tawee ថ្លែងបន្តថា វាគ្រាន់តែជួនពេលជាមួយនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត បានជំរុញឱ្យប្រជាជនថៃ ទៅចាក់វ៉ាក់សាំងបន្តទៀត ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ នៅក្នុងប្រទេស។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង លោកវេជ្ជបណ្ឌិត Sophon Iamsirithaworn ក៏បានអះអាងដូចលោកវេជ្ជបណ្ឌិត Tawee ដែរ ដោយលើកឡើងថា វាជាករណីប៉ោងសរសៃឈាម។ បុរសរូបនេះ មិនមានទើបតែមានជំងឺនេះទេ ប៉ុន្តែមានតាំងពីកំណើតមកម្លេះ ដែលទាមទារឱ្យមានការព្យាបាលជាញឹកញាប់។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា បុរសរូបនេះ នៅចុងខែមករាកន្លងមកបានវះកាត់ ដើម្បីព្យាបាលជំងឺម្តងហើយ និងត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ ៤០ថ្ងៃ មុននឹងអនុញ្ញាតឱ្យចាកចេញ។ ដោយសារបារម្ភពីកូវីដ-១៩ នៅថ្ងៃទី៣ ខែមីនា លោកបានមកទទួលវ៉ាក់សាំងដើម្បីប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ បន្ទាប់ពីចាក់បាន ៤ ឬ៥ថ្ងៃ សុខភាពអ្នកជំងឺនៅធម្មតាទេ ប៉ុន្តែចូលដល់ថ្ងៃទី៨ និងទី៩ ខែមីនា បុរសរូបនេះ បានឈឺនៅត្រង់ទ្រូង, វិលមុខ និងសន្លប់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមីនា។
សូមជម្រាបដែរថា ដោយសារករណីស្លាប់របស់បុរសរូបនេះ មិនពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទេីបយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅតែបន្តដដែល។
គួរបញ្ជាក់ថា ប្រទេសថៃ គិតមកត្រឹមថ្ងៃទី២៦ ខែមីនានេះ វ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ១៣៦០០០ដូស ត្រូវបានចាក់។ ភាគច្រើន ថៃចាក់វ៉ាក់សាំងរបស់ចិន Sinovac ខណៈវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ទើបតែត្រូវបានចាប់ផ្តើមនាពេលថ្មីៗនេះប៉ុណ្ណោះ។ ខណៈដែលនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានចាក់វ៉ាក់សាំងAstraZeneca មុនគេ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនចាក់បន្ត៕ដោយ៖ស តារា
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
រូបថត៖Reuters