បុរសថៃម្នាក់ ស្លាប់​ក្រោយ​ចាក់វ៉ាក់សាំងបានរយៈពេល ១០ថ្ងៃ;​ ប៉ុន្តែ​អាជ្ញាធរ​ អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់

ចែករំលែក៖

អន្តរជាតិ​៖​​ វេជ្ជបណ្ឌិត Tawee Chotpitayasunondh សមាជិកគណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងថៃ បានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ ដោយ​អះអាងថា​ ​គ្រូពេទ្យបានពិនិត្យរួចហើយ​ លេីបុរសជនជាតិថៃម្នាក់ ដែលបានទទួលមរណភាព បន្ទាប់ពីចាក់វ៉ាក់សាំងបានរយៈពេល ១០ថ្ងៃ។ ប៉ុន្តែ​យ៉ាងណាមិញ អាជ្ញាធរថៃ នៅថ្ងៃទី២៦ ខែមីនាដែលនេះ ក៏បានអះអាងថា ករណីស្លាប់របស់បុរសរូបនោះ មិនមែនដោយសារវ៉ាក់សាំងឡើយ ប៉ុន្តែដោយសារជំងឺរ៉ាំរ៉ៃរបស់លោក ហើយអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់។

លោកវេជ្ជបណ្ឌិត Tawee ថ្លែងបន្តថា​ វាគ្រាន់តែជួនពេលជាមួយនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត បានជំរុញឱ្យប្រជាជនថៃ​ ទៅចាក់វ៉ាក់សាំងបន្តទៀត ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ នៅក្នុងប្រទេស។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង លោកវេជ្ជបណ្ឌិត Sophon Iamsirithaworn ក៏បានអះអាងដូចលោកវេជ្ជបណ្ឌិត Tawee ដែរ ដោយលើកឡើងថា វាជាករណីប៉ោងសរសៃឈាម។ បុរសរូបនេះ មិនមានទើបតែមានជំងឺនេះទេ ប៉ុន្តែមានតាំងពីកំណើតមកម្លេះ ដែលទាមទារឱ្យមានការព្យាបាលជាញឹកញាប់។

បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍​ បាននិយាយថា​ បុរសរូបនេះ នៅចុងខែមករាកន្លងមកបានវះកាត់ ដើម្បីព្យាបាលជំងឺម្តងហើយ និងត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ ៤០ថ្ងៃ មុននឹងអនុញ្ញាតឱ្យចាកចេញ។ ដោយសារបារម្ភពីកូវីដ-១៩ នៅថ្ងៃទី៣ ខែមីនា លោកបានមកទទួលវ៉ាក់សាំងដើម្បីប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ បន្ទាប់ពីចាក់បាន ៤ ឬ៥ថ្ងៃ សុខភាពអ្នកជំងឺនៅធម្មតាទេ ប៉ុន្តែចូលដល់ថ្ងៃទី៨ និងទី៩ ខែមីនា បុរសរូបនេះ បានឈឺនៅត្រង់ទ្រូង, វិលមុខ និងសន្លប់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមីនា។

សូមជម្រាបដែរថា​ ដោយសារករណីស្លាប់របស់បុរសរូបនេះ មិនពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទេីបយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅតែបន្តដដែល។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ គិតមកត្រឹមថ្ងៃទី២៦ ខែមីនានេះ​ វ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ១៣៦០០០ដូស ត្រូវបានចាក់។ ភាគច្រើន ថៃចាក់វ៉ាក់សាំងរបស់ចិន Sinovac ខណៈវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ទើបតែត្រូវបានចាប់ផ្តើមនាពេលថ្មីៗនេះប៉ុណ្ណោះ។ ខណៈ​ដែល​នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានចាក់វ៉ាក់សាំងAstraZeneca មុនគេ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនចាក់បន្ត៕ដោយ​៖ស​ តារា​

នាយករដ្ឋមន្ត្រី​ថៃ​ លោកប្រាយុទ្ធ ចន្ទអូចា ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

...

រូបថត​៖​Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print