អង្គការ UNICEF ថា៖​ ក្នុងខែឧសភាខាងមុខនេះ​ ខ្លួន​រំពឹងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងពេញលេញឡើងវិញ

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​ឥណ្ឌា បានពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca សម្រាប់ខែមីនា និងខែ មេសា​ កាលពីពេលថ្មីៗនេះ​ អង្គការ UNICEF អះអាងថា​ យន្តការ COVAX ដែលឧបត្ថម្ភដោយអង្គការសុខភាពពិភពលោក(WHO) រំពឹងទទួលបានវ៉ាក់សាំងពេញលេញពីវិទ្យាស្ថាន Serum របស់ឥណ្ឌាឡើងវិញ​ នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីចែកចាយឲ្យប្រទេស ក្រីក្រ។

បេីតាមការបញ្ជាក់របស់អ្នកនាំពាក្យ UNICEF ក្នុងសារអេឡិចត្រូនិកឆ្លើយតបទៅសារព័ត៌មានReuters នៅថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ​ បានបញ្ជាក់ថា​៖«ការដឹកជញ្ជូនវ៉ាក់សាំង ត្រូវបានរំពឹងថាចាប់ផ្តើមទាំងស្រុងឡើងវិញក្នុងខែឧសភា»។ អ្នកនាំពាក្យរូបនេះ​ ក៏អះអាងដែរថា ខ្លួននឹងពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងនេះដើម្បីបំពេញសេចក្តីត្រូវការក្នុងខែមីនា និងមេសាផងដែរ។

អ្នកនាំពាក្យ UNICEF បន្តទៀតថា​ យន្តការ COVAX កំពុងតែចរចាជាមួយរដ្ឋាភិបាលឥណ្ឌាដើម្បីទទួលបានវ៉ាក់សាំង មួយចំនួនក្នុងខែមេសា។ ដោយ​ឡែក​សម្រាប់ខែមីនា និងមេសា យន្តការនេះសង្ឃឹមថា នឹងអាចទទួលបានវ៉ាក់សាំងចំនួន៩០ លានដូស ប៉ុន្តែមកដល់ពេលនេះទើបតែទទួលបាន២៨លានដូសប៉ុណ្ណោះ។

សូមជម្រាបថា​ យន្តការ COVAX ដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ទំនងជាអាចទទួលបានវ៉ាក់សាំង ដើម្បីចែកចាយទូទាំងពិភពលោកជាថ្មីក្នុងខែឧសភា។ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ឥណ្ឌាដែលជាប្រទេស ផលិតវ៉ាក់សាំងឱ្យយន្តការនេះ អះអាងថា ខ្លួននឹងពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ខែមីនា និងមេសាដើម្បីផ្តល់ អាទិភាពដល់ការចាក់វ៉ាក់សាំងក្នុងស្រុក។

ទាក់ទិននឹងបញ្ហានេះដែរ​ ឥណ្ឌា​ ធ្លាប់​លើកឡើងនៅថ្ងៃទី២៦ ខែមីនាថា ខ្លួនផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ប្រទេសខ្លួន ខណៈករណីឆ្លងកំពុងកើនឡើង។ ឥណ្ឌា ក៏បានពន្យល់អន្តរជាតិពីការសម្រេចចិត្តរបស់ខ្លួនផងដែរ។

ដោយ​ឡែក​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ចំពោះការផ្អាកផ្គត់ផ្គង់វ៉ាក់សាំងនេះដែរ ក៏បានអះអាងថា ការសម្រេចចិត្តរបស់ឥណ្ឌា ជារឿងដែលអាចយោគយល់បាន និងថា ស្ថាប័ននេះនៅតែបន្តការពិភាក្សាដើម្បីអាច ផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍឯទៀត។​

ចំពោះ​យន្តការ COVAX នេះដែរ​ គិតត្រឹមចុងខែមីនានេះ បានផ្គត់ផ្គងវ៉ាក់សាំងចំនួន៣២លានដូស ដល់ប្រទេសចំនួន៦១ ខណៈប្រទេសចំនួន៣៦ផ្សេងទៀតដែលស្ថិតក្នុងយន្តការនេះពុំទាន់បានទទួលវ៉ាក់សាំងនៅឡើយទេ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBC នាថ្ងៃទី២៨ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស​ បានលើកអំពីបញ្ហាក្នុងការបែងចែកវ៉ាក់សាំងនេះដែរថា៖លោក ព្រួយ​បារម្ភពីការបែងចែកវ៉ាក់សាំងដែលមានលក្ខណៈអយុត្តិធម៌នៅជុំវិញពិភពលោក។​ បន្ថែមពីនេះ​លោក ហ្គូតេរ៉េស សង្កត់ធ្ងន់ថា UN បានអំពាវនាវទៅ ប្រទេសអ្នកមានឱ្យជួយចែករំលែកវ៉ាក់សាំងដែលខ្លួនមាន ដ្បិតអីប្រទេសខ្លះមានវ៉ាក់សាំងច្រើនជាងចំនួនត្រូវការ ទៅទៀត។

គួរបញ្ជាក់ថា​ ចំពោះ​ការលើកឡើងរបស់លោក​ ហ្គូតែរ៉េស​ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប(EU) ដែលមានសមាជិកចំនួន២៧ បានរឹតបន្តឹងការនាំចេញវ៉ាក់សាំង។ ជាមួយគ្នានេះ​ ប្រមុខ UN រំឭកថា វាជាផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងការធានាថា មនុស្ស នៅគ្រប់ទីកន្លែងទាំងអស់បានទទួលវ៉ាក់សាំង ហើយវ៉ាក់សាំងគឺជាសម្បត្តិសាធារណៈសាកល៕ដោយ​៖ស​ តារា​

...

រូបភាព​៖ពី​UNICEF

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print