ក្រោមកិច្ចសម្រួលពីស្ថានទូតខ្មែរនៅកូរ៉េ កង់បីអគ្គិសនី ONiON បានចាប់បង្ហាញរូបរាងលើទីផ្សារកម្ពុជាហើយ នឹងជាជម្រើសកាន់តែចំណេញក្នុងទីផ្សារនេះ

ចែករំលែក៖

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News) នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា, កង់បីអគ្គិសនី ONiON ដែលរចនាបង្កើតឡើងនៅកូរ៉េបានបង្ហាញរូបរាងជាផ្លូវការហើយនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ២០២១នេះ ក្រោយពីបានឆ្លងកាត់ការសាកល្បងសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រកបដោយភាពជោគជ័យកាលពីខែមីនាកន្លងមកនេះ ហើយបើតាមការចុះផ្សាយដំបូងក្នុងសារព័ត៌មាន Khmerload។

ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ ក្នុងរយៈពេល​១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនី ONiON នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួន ជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។

កង់បីអគ្គិសនី ONiON នេះជាផលិតផលរបស់ក្រុមហ៊ុន Onion Mobility Co., Ltd​ ជាបុត្រសម្ព័ន្ធ​មួយ​ជាមួយនឹងក្រុមហ៊ុន​បុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្ដល់សេវាកម្ម​កក់​យានជំនិះ​ធ្វើ​ដំណើរ​នៅ​កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះជាផ្នែកមួយនៃក្រុមហ៊ុន MVLLABS Pte Ltd (MVL) របស់ប្រទេសសិង្ហបុរី។

ចំនុចដែលគួរឱ្យចាប់អារម្មណ៍អំពីកង់បីអគ្គិសនី ONiON ម៉ូតថ្មីក្នុងទីផ្សារកម្ពុជានេះ គឺវាត្រូវបានរចនាឡើង និងបញ្ចេញគំនិតឡើង ​(Develop) នៅប្រទេសកូរ៉េ។ លើសពីនេះទៀត ដោយប្រើប្រាស់អគ្គិសនី កង់បីនេះអាចធ្វើដំណើរបានដល់ ១០០ គីឡូម៉ែត្រសម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង ដែលតម្រូវការចំណាយប្រៀបទៅនឹងប្រភេទកង់បីប្រើប្រាស់ហ្គាស LPG គឺចំណេញជាងដល់ទៅ ២០%ឯណោះ។ បើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ការចំណាយលើការធ្វើដំណើរដល់ ១០០គីឡូម៉ែត្រ គឺត្រឹមតែ ២ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនផ្តល់ការធានារហូតដល់ ៨ម៉ឺនគីឡូម៉ែត្រ ឬរយៈពេល៣ឆ្នាំទៀតផង។

គេហទំព័រដដែលបានបន្តថា, លោក Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន ​Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជា​ការនាំយកមកនូវ ភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយ​មធ្យោបាយកក់ការធ្វើដំណើរ TADA។ ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមាន​ប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។

លោកនាយកប្រតិបត្តិបានបន្តទៀតថា «ការបង្ហាញរូងរាងកង់បីអគ្គិសនី Onion ជាផ្លូវការ នៅលើទីផ្សារកម្ពុជា នឹងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់អ្នកបើកបរ បង្កើតការធ្វើដំណើរដោយផាសុកភាព សម្រាប់អ្នកដំណើរ បង្កើតការងារ ក៏ដូចជាគុណភាពក្នុងការរស់នៅ របស់សហគមន៍ទាំងមូល។ ពួកយើង នឹងព្យាយាមក្លាយខ្លួនជាយានជំនិះដែលអាចជួយ អ្នកទាំងអស់គ្នា កំឡុងពេលនៃការ​រាតត្បាត​សកល​ នៃមេរោគ Covid19 នេះ។ »

កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់​ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

សូមបញ្ជាក់ផងដែរថា ការចាប់ផ្តើមដំណើរការនៃកង់បីអគ្គិសនី កន្លងមកក៏ទទួលបាននូវការជួយសម្របសម្រួលពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដែលក្នុងបេសកកម្មការទូតសេដ្ឋកិច្ច ទាក់ទាញជំរុញឱ្យវិនិយោគិនបរទេសទៅបោះទុនវិនិយោគចូលក្នុងទីផ្សារកម្ពុជា និងបង្កើតជាឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរនោះ។ តាមព័ត៌មានកន្លងមក ក្រុមហ៊ុននេះគ្រោងនឹងធ្វើការផលិតមិនសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនឹងសម្លឹងមើលឃើញដល់ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀតដែលជាដៃគូសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print