ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិន បានចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាមួយនឹងមេធាវីលោក ពុធ ធាវី ចៅក្រមស៊ើបសួរលោកលាង សំណាត់ បន្ទាប់ពីព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ឧកញ៉ា សុខ ប៊ុន ពីបទហិង្សាដោយចេតនា ស្ថានទម្ងន់ ហើយអង្គរក្សរបស់ខ្លួនត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទប៉ុនប៉ងសម្លាប់នោះ។
ពាក់ព័ន្ធទៅនឹងឧកញ៉ា សុខ ប៊ុន ប្រើអំពើហិង្សាវាយដំបោចសក់សម្រាតកញ្ញា សាសា ហើយអង្គរក្សបានដកកាំភ្លើងអាមេបាញ់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមរិះគន់យ៉ាងខ្លាំងក្លានោះធ្វើឲ្យថ្នាក់ដឹកនាំមួយចំនួនបានប្រតិកម្ម ដូចជាសម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអគ្គនគរបាលជាតិត្រូវចាត់ការក្នុងរឿងនេះដើម្បីឲ្យមានការនាំខ្លួនក្រុមជនដៃដល់ ហើយថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យជនបង្កឧកញ៉ា សុខ ប៊ុន ត្រូវចូលខ្លួនមកបំភ្លឺ និងទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងនោះសម្តេចបានមានប្រសាសន៍លើកឡើងថា មិនត្រូវយកលុយមកទូទាត់ចំពោះអំពើដែលខ្លួនបានប្រព្រឹត្តមកលើជនរងគ្រោះ ឬរំលត់បណ្តឹងអាជ្ញាបានទេ ហើយសម្តេចថែមទាំងលើកឡើងចំពោះការធ្វើទារុណកម្មនេះធ្វើឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានការសោកស្តាយ និងចូលរួមឈឺចាប់ដ៏ពន់ពេកជាមួយគ្រួសារកញ្ញា សាសា ។
គួររំលឹកថា មុនមានប្រតិកម្មពីសម្តេចនាយករដ្ឋមន្ត្រី ឧកញ៉ា បង្កហេតុរូបនេះ ពិតជាបានប្រមាថមើលងាយយ៉ាងធ្ងន់មកលើជនរងគ្រោះ ប្រមុខរដ្ឋាភិបាល ក៏ដូចជាព្រះមហាក្សត្រនៅលើលិខិតសេចក្តីជូនដំណឹងបំភ្លឺសាធារណៈតាមមេធាវី យឹន សុភី នោះ ។
បន្ទាប់ពីមានប្រតិកម្មសម្តេចតេជោនាយករដ្ឋមន្ត្រី សាច់ញាតិរបស់ឧកញ៉ា សុខ ប៊ុន បានប្រាប់អ្នកកាសែតក្នុងស្រុកថា ជនត្រូវចោទ សុខ ប៊ុន នឹងចូលខ្លួនមកបំភ្លឺនៅតុលាការនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដោយអះអាងថា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសបារាំង។
មជ្ឈដ្ឋានទូទៅកំពុងតាមដានក្នុងរឿងនេះដោយយកចិត្តទុកដាក់ និងបានរិះគន់ថ្កោលទោសយ៉ាងធ្ងន់ ទៅលើឧកញ៉ាមានប្រាក់ទ្រព្យសម្បតិ្តស្តុកស្តម្ភ តែពុំមានសេចក្តីថ្លែថ្នូរក្នុងខ្លួននេះថា តើនីតិវិធីរបស់តុលាការនឹងត្រូវអនុវត្តបែបណាទៅលើជនបង្ក ហើយការអន្តរាគមន៍ពីលោកផ្កាយ២មួយរូបកន្លងទៅ អាចមានប្រសិទ្ធភាព ឬក៏ត្រូវថ្នាក់លើចាត់វិធានការតាមផ្លូវច្បាប់ចំពោះវប្បធម៌អន្តរាគមន៍ ៕ សុខ ខេមរ៉ា