ភ្នំពេញ, បើយោងតាម អង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមថ្នាក់ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាត៕
ដោយ៖ សិលា