អន្តរជាតិ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែងលោក ង្វៀន សួនហ្វ៊ុកពីនាយករដ្ឋមន្ត្រី ក្រោយបានបំពេញការងារអស់រយៈពេល៥ឆ្នាំ។ ប៉ុន្តែលោក ង្វៀន សួនហ្វ៊ុក ត្រូវបានបក្សកុម្មុយនីស្ត វៀតណាមជ្រើសតាំងជាបេក្ខភាពប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង។
បើតាមសារព័ត៌មានវៀតណាម Viet Nam News បានចុះផ្សាយថា អំឡុងកិច្ចប្រជុំថ្ងៃទី២ ខែមេសានេះ តំណាងរាស្ត្រចំនួន៤៤៦ ក្នុងចំណោម៤៥២ បានបោះឆ្នោតគាំទ្រលើសំណើបញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីលោក ង្វៀន សួនហ្វ៊ុក។ ខណៈសភាវៀតណាមកំពុងដំណើរការសម័យប្រជុំចុងក្រោយនៃ នីតិកាលទី១៣ របស់ខ្លួនដែលគ្រោងបញ្ចប់នៅថ្ងៃទី៨ ខែមេសាខាងមុខ។ លោក ហ្វ៊ុក នឹងបន្តកាន់តំណែង នាយករដ្ឋមន្ត្រីវៀតណាមដល់ថ្ងៃទី៥ ខែមេសា ដែលជាថ្ងៃអ្នកស្នងតំណែងលោកត្រូវប្រកាសជាផ្លូវការ។
ប៉ុន្តែចំពោះការបញ្ចប់តំណែងលោក ង្វៀន សួនហ្វ៊ុក នឹងបើកផ្លូវដល់ការតែងតាំងរដ្ឋាភិបាលថ្មី ក៏ដូចជាការបោះឆ្នោតតែងតាំងរូបលោក ជាប្រធានាធិបតីវៀតណាមថ្មីផងដែរ។
បេីតាមលោក Nguyễn Hạnh Phúc អគ្គលេខាធិការសភាវៀតណាម បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ហ្វ៊ុក ត្រូវបានស្នើជាបេក្ខភាពជាប្រធានាធិបតី។ លោក ហ្វ៊ុក ជាករណីទីមួយហើយក្នុងប្រវត្តិនយោបាយវៀតណាម ដែលនាយករដ្ឋមន្ត្រីកាន់តំណែងត្រូវបានជ្រើសតាំងជា បេក្ខភាពប្រធានាធិបតី។ សភាវៀតណាម បានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែងប្រធានាធិបតីរបស់ លោក ង្វៀន ភូជុង រួចហើយដែរ។
ទន្ទឹមនឹងនេះ តំណាងរាស្ត្រវៀតណាម គ្រោងបោះឆ្នោតតែងតាំងលោក ផាម មិញឈិញ ជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី៥ ខែមេសា ហើយរដ្ឋាភិបាលវៀតណាមថ្មីគ្រោងនឹងចូលស្បថកាន់តំណែងនៅថ្ងៃដដែល។ លោក ឈិញ ជាប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាម។
សូមជម្រាបថា លោក ង្វៀន សួនហ្វ៊ុក កាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ក្នុងរយៈពេល៥ឆ្នាំនៃការ កាន់តំណែង ផលិតផលសរុបក្នុងស្រុកវៀតណាមមានការកើនឡើងជាលំដាប់ ដោយថែមទាំងសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនផងដែរ។ លេីសពីនេះ លោកក៏ត្រូវបានសាធារណៈជន វៀតណាមកោតសសើរចំពោះការឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា អំណាចដឹកនាំរដ្ឋនៅវៀតណាមត្រូវបានបែងចែកទៅកាន់បុគ្គលសំខាន់ៗ៤រូប គឺអគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម; ប្រធានាធិបតី ;នាយករដ្ឋមន្ត្រី និងប្រធានសភា។ ដោយឡែកសមាជបក្សកុម្មយនីស្តវៀតណាម ដែលឡើងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ជ្រើសតាំងលោក ជុង ឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សអាណត្តិទី៣។ ចំណែកតំណែងប្រធានសភាបានទៅលោក Vuong Dinh Hue ៕ដោយ៖ស តារា
លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម