អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ៣៦នាក់បានស្លាប់ និងមនុស្សរាប់សិបអ្នកទៀតរងរបួស នៅភាគខាងកើត នៃកោះតៃវ៉ាន់ នៅព្រឹកថ្ងៃសុក្រទី០២ ខែមេសា ឆ្នាំ២០២១នេះ ដោយសាររថភ្លើងមួយខ្សែ ក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងផ្លូវរូងក្រោមដីមួយកន្លែង។
បេីតាមការលេីកឡេីងរបស់អាជ្ញាធរតៃវ៉ាន់ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់រថភ្លើងខាងលើនេះ គឺរថភ្លេីងមានគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) ប៉ុន្តែនៅពេលកំពុងបេីកបរស្រាប់តែធ្លាក់ចេញពីផ្លូវក្នុង រូងក្រោមដីមួយកន្លែងក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ ខណៈរថភ្លើងនេះ បានដឹកមនុស្សសរុបប្រហែល ៣៥០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរបន្តទៀតថា ភ្លាមៗក្រុមប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ដោយមនុស្សជាង ១០០នាក់ គឺត្រូវបានជួយសង្រ្គោះចេញពីកន្លែងកើតហេតុ ដែលមានភាពលំបាកផងដែរ។
គួររម្លឹកដែរថា កាលពីឆ្នាំ២០១៨ មនុស្សសរុប ១៨នាក់បានស្លាប់ និង១៧៥នាក់បានរងរបួស នៅពេលរថភ្លើងមួយខ្សែបានក្រឡាច់ចេញពីផ្លូវ នៅភាគឦសាននៃកោះតៃវ៉ាន់ ដែលត្រូវចាត់ទុកជា គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតក្នុងរយៈពេល ០៣ទសវត្សរ៍ចុងក្រោយ សម្រាប់ដែនដីកោះមួយនេះ៕ដោយ៖ស តារា