សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាបានចេញបញ្ជាចាប់ខ្លួនបុគ្គលល្បីៗក្នុងសង្គមជិត៤០នាក់ ក្នុងនោះមានតារាចម្រៀង តារាបង្ហាញម៉ូដ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ក្នុងប្រទេសនេះ។ អ្នកដែលយោធាតាមចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់ប្រឆាំងយោធា ។
ការតាមចាប់ខ្លួនធ្វើឡើងតាមច្បាប់ប្រឆាំងការញុះញង់បង្កហិង្សា បង្កអសន្តិសុខក្នុងសង្គម។ អ្នកទាំងនោះអាចនឹងត្រូវជាប់គុករហូតដល់៣ឆ្នាំ ។
នៅលើបណ្តាញសង្គម លោក Thurein Hlaing Win បាននិយាយថា គាត់ពិតជាតក់ស្លុតយ៉ាងខ្លាំង ពេលលោកត្រូវយោធា ចោទប្រកាន់ទោសក្បត់ជាតិរត់គេចខ្លួន។
លោក Thurein Hlaing Win បាននិយាយតាមទូរស័ព្ទពីទីតាំងសម្ងាត់មួយថា«ខ្ញុំមិនបានធ្វើអាក្រក់ មិនបានធ្វើអ្វីខុស ខ្ញុំឈរខាងត្រូវ ខ្ញុំដើរតាមផ្លូវដែលខ្ញុំបានគិតថាជាផ្លូវដ៏ត្រឹមត្រូវ»។ លោកបន្តទៀតថា បើទោះបីត្រូវដាក់ទោស តែជំនឿចិត្តរបស់ខ្ញុំមិនផ្លាស់ប្តូរនោះឡើយ ហើយមនុស្សគ្រប់គ្នាក៏បានដឹងពីការណ៍ពិត។
នៅព្រឹកថ្ងៃទី៤ខែមីនា ពលរដ្ឋមីយ៉ាន់ម៉ា នៅតែបន្តដង្ហែក្បួនបាតុកម្ម ប៉ុន្តែបែងចែកជាក្រុមតូចៗ ។ ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងទាហានមីយ៉ាន់ម៉ាបានបើកយុទ្ធនាការគ្រប់គ្រងបណ្តាញអុីនធើណេត កាត់បន្ថយពលរដ្ឋចូលទៅកាន់បណ្តាញអុីនធើណេតដែលអាចទទួលបានព័ត៌មានមិនល្អសម្រាប់យោធា។
កាលពីថ្ងៃទី៣ ខែមេសា មានបាតុករ៥នាក់ស្លាប់ដោយការបាញ់ប្រហារពីកម្លាំងយោធា។ ក្នុងចំណោមជនរងគ្រោះ៥នាក់ មាន៤នាក់ស្ថិតនៅក្នុងស្រុក Monywa និងម្នាក់នៅក្នុងតំបន់ Thaton ។
កន្លងមកថ្មីៗ យោធាក៏បានចាប់ខ្លួនតារាជិត២០នាក់ ដែលមានតារាចម្រៀងនិងសម្តែង។ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ ខណៈពលរដ្ឋគ្រប់វណ្ណៈ ទាំងតារាសីល្បៈ អ្នកនយោបាយ បាននាំគ្នាក្រោកឈរឡើងប្រឆាំងយោធា ដោយបង្កើតរដ្ឋាភិបាលស្រមោលរួមជាមួយកម្លាំងក្រុមជនជាតិភាគតិច ក្នុងនោះមានជនជាតិការ៉ែនដើម្បីប្រឆាំងយោធាដែលឡើងកាន់អំណាចខុសច្បាប់តាមរយៈធ្វើរដ្ឋប្រហារ៕ ដោយ សាធី
រូបភាព៖ Reuters