ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០០១៦នេះសមាជិក និងក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែររួមទាំងសិល្បករជាច្រើនរូបបានចូលរួមអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដោយបង្ហាញការសោកស្តាយដ៏ក្រៀមក្រំ ចំពោះការបាត់បង់មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល។
សិល្បករដែលចូលរួមនៅគ្រាននោះមានលោក ជួងជីហៅនាយកុយ ,លោក ទុំសារ៉ុត ហៅនាយឃ្លោក, នាយក្រឹម, អ្នកនាងស៊ុន ណារីម៉ូនីកា ,នាយ សាន ម៉ៅ, លោក អ៊ឹម ជីវ៉ា, អ្នកស្រីថុង ស៊ីវទៀង, លោក ម៉ាដូណា, អ្នកស្រី ចាន់ តារាទី, អ្នកស្រីកាឡុងកាណារ៉ូ, អ្នកស្រីហែម សុវណ្ណ អ្នកស្រី ឆោម ឆវិន និងសិល្បករសិល្បការិនីជាច្រើនរូបទៀត។
ក្នុងទិដ្ឋភាពដ៏ក្រៀមក្រំនេះសិល្បករបានបង្ហាញពីការចូលរួមរំលែកទុក្ខក្រៀមក្រំ ចំពោះមរណភាព លោកប៉េង ប៉ាត់ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ សិល្បករទាំងអស់បានលើកឡើងថាមរណភាពរបស់ លោក ប៉េង ប៉ាត់ គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មបំផុតក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ។ លោកគឺជាឥស្សរជនតស៊ូមួយរូប ដែលបានជួយរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម រហូតទទួលបានជ័យជំនះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
គួរបញ្ជាក់ដែរថានាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ បានចូលបម្រើជាសមាជិកព្រឹទ្ធសភា តាំងពីនិតិកាលទី១ រហូតដល់និតិកាលទី៣ និងបានរួមចំណែកក្នុងដំណើរការពង្រឹងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ បច្ចុប្បន្ន សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ តម្កល់នៅភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពិធីដង្ហែរសព នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមីនា ឆ្នាំ ២០១៦ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី ៕ វឌ្ឍនា