ចាប់ផ្តើមស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់អំពីបេតុងនៅត្រើយខាងកើតក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ទោះបីប្រទេសជាតិជួបនូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតែដំណើរការដោយរលូនទៅតាមផែនការដែលបានគ្រោងទុក ។

    នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនដែលទទួលបានសិទ្ធិស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់ត្រើយខាងកើត ដើម្បីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

     សូមរំលឹកថា  ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារបច្ចេកទេស  លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធនឹងទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ទៅដល់តំបន់អភិវឌ្ឍន៍កោះនរាដែលមានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។ ដូចនេះ ដើម្បីឱ្យដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេបានរលូននិងមានប្រសិទ្ធភាព  រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធនឹងទីតាំងដីចំណីទន្លេទាំងអស់ខាងលើ  ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ ។

     ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ  ក្នុងការបោះបង្គោលក៏ដូចជាចូលរួម ថែរក្សាការពារបង្គោលព្រំដែលក្រុមការងារបានបោះរួច ។  ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែងឡើយ ៕ 

         

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print