លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តរំលឹក”កុំភ្លេចប្រកាន់ខ្ជាប់ ៣ការពារ និង៣កុំ»

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះបានថ្លែងបញ្ជាក់ថា ដើម្បីបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០ កុម្ភៈ» ក្នុងពេលដ៏ឆាប់ គឺប្រជាពលរដ្ឋត្រូវបន្ដរួមគ្នា អនុវត្ដតាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបើមិនចាំបាច់កុំចេញពីផ្ទះ នឹងអាចបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងពេលដ៏ឆាប់។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះមកពិនិត្យ ម៉ាស៊ីនតេស្ដសំណាករមេរោគ កូវីដ-១៩ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «បើប្រជាពលរដ្ឋ បន្ដប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះនឹងចៀសផុត និងកាត់ផ្ដាច់ការចម្លងជំងឺពីគ្នាទៅ វិញទៅមក ។លើសពីនោះ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នាទៅតាមគោលដៅដែលរាជរដ្ឋាភិបាលយើង បានរៀបចំជូនជាបន្ដបន្ទាប់, សូមកុំរុញរា សូមអញ្ជើញទៅចាក់វ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋានផងដែរ»។

លោករដ្ឋមន្ដ្រីសុខាភិបាលបន្តថា «លើសពីនោះ បើមិនចាំបាច់ទេ សូមប្រជាពលរដ្ឋនៅផ្ទះ ព្រោះការនៅផ្ទះអត់មានប៉ះពាល់ជាមួយអ្នកដទៃ គ្មានហានិភ័យឆ្លងជំងឺកូវីដ-១៩ ពីគេមកខ្លួន និងចម្លងមកគ្រួសារយើង បានន័យថាយើងមានសុវត្ថិភាពពីជំងឺចង្រៃកូវីដ-១៩ លើកលែងតែយើងមានភារកិច្ចចាំបាច់ តែកុំភ្លេចប្រកាន់ខ្ជាប់ ៣ការពារ និង៣កុំ»។

សម្រាប់មន្ដ្រីបុគ្គលិក សុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាននិង
មន្ដ្រីគ្រប់ផ្នែកទាំងអស់ នឹងបន្ដខិតខំប្រឹង ប្រែងដោយភាពទទួលខុសត្រូវខ្ពស់ រួមកម្លាំងគ្នា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា យើងនឹងខិតខំប្ដេជ្ញាចិត្ដទាំងថ្ងៃ និងយប់ដើម្បីការពារការរីករាលដាលបន្ថែមទៀត ៕

      

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print