ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនបុរស ៣នាក់ ដែលផឹកស៉ីច្រៀងលេងសប្បាយយ៉ាងនៅខណ្ឌសែនសុខ ខណៈគឃ្លើនមិនស្ដាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គ្រាដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាលក្នុងសហគមន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
បេីតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្រោយណែនាំជាច្រើនដងច្រើនសារនៅតែមិនស្ដាប់នោះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនមនុស្ស៣នាក់ ពេលកំពុងផឹកស៉ីច្រៀងសប្បាយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សាន សុខសីហា បន្ថែមទៀតថា បុរសទាំង៣នាក់នេះ បានល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ អូន រតនា អាយុ៣៧ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ទី២៖ ឈ្មោះ ហូ រុនមុនី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងទី៣៖ ឈ្មោះ ហេង សូវីត អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់នេះ នឹងអនុវត្តជាបន្ដបន្ទាប់ទៀតចំពោះបុគ្គលណាដែលនៅតែគឃ្លើន មិនស្ដាប់ការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច គ្រាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លេីសពីនេះលោកបន្ដថា កន្លងទៅសមត្ថកិច្ចមូលដ្ឋាន បានណែនាំមិនតិចដងនោះទេ ដោយឲ្យបញ្ឈប់ការជួបជុំផឹកស៉ី ប៉ុន្ដែនៅតែមានបុគ្គលដែលមិនស្ដាប់ការណែនាំ ដូច្នេះចាប់ពីពេលនេះ នឹងអនុវត្តវិធានការច្បាប់តែម្ដង៕ដោយ៖ស តារា
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ