ខេត្តកំពង់ឆ្នាំង+ពោធិ៍សាត់: គម្រោងការស្ថាបនាឡើងវិញលើកំណាត់ផ្លូវជាតិ៥ គឺមានក្រុមហ៊ុនជាច្រើនបានដេញយកគម្រោងនោះ តាំងពីស្រុកពញាឮ ខេត្តកណ្តាល ដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែអ្វីដែលគេឃើញជាក់ស្តែង ការស្ថាបនាបង្ហាញពីភាពរអាក់រអួល(យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់ ។ បើតាមមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលួចបង្ហើបថា, ចាប់ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ គឺក្រុមហ៊ុនហាន់សុីញ ដេញថ្លៃបាន ។ ដោយឡែកពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ គឺក្រុមហ៊ុន អីលស៊ុង ដេញថ្លៃបាន ហើយការរអាក់រអួលនេះ មានហេតុផលខ្លះដែរ ដូចជាកង្វះខាតគ្រឿងចក្រ សម្រាប់បម្រើអោយក្រុមហ៊ុនស្ថាបនារបស់ខ្លួន និងរំពឹងលើការ(សាប់)ម៉ៅការបន្តអោយក្រុមហ៊ុនតូចៗក្នុងស្រុក តែក្រុមហ៊ុនខ្លះម៉ៅការបន្ត ទទួលបានតំលៃទាប ក៏មិនអាចធ្វើបាន នេះក៏ជាចំណុច បង្កើតអោយរាំងស្អះយឺតយូរ រអាក់រអួលលើដំណើរការចង្វាក់ការស្ថាបនា ។ ករណីមួយទៀត ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង មានទម្លាប់ចេញថ្លៃបញ្ចុះតម្លៃទាប នេះជាបញ្ហាមួយលើគុណភាពបច្ចេកទេសផងដែរ។
មន្ត្រីបានលើកឡើងថា, ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង អាចមិនមានសិទ្ធិចូលដេញថ្លៃនៅពេលក្រោយទៀត បើដំណើរការស្ថាបនារបស់ក្រុមហ៊ុនទាំងនេះ មិនទាន់មានគ្រឿងចក្រអោយមានតុល្យភាពទៅនឹងការងារ។
សូមជម្រាបជូនថា, កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២១ ខាងក្រុមហ៊ុនហាន់សុីញ ដំណើរការស្ថាបនា ដោយកន្លែងៗ នឹងតិចតួចបំផុត ស្ទើរតែគ្មានអ្នកបញ្ជាគ្រឿងចក្រ ដោយឡែកកម្មករ ក៏មិនសូវមាន ឃើញតែកម្មករ យកចាន ផ្តិល ធុងតូចៗ អង្គុយបាចទឹក ដងទឹក ពីកន្លែងទឹកដក់តាមផ្លូវ មើលទៅមិនស្មើនឹងការរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ធ្លាប់យកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្វើផ្លូវលំតាមភូមិផង។ មន្ត្រីនិងប្រជាពលរដ្ឋ បានប្រាប់ថា, ខាងក្រុមហ៊ុនហាន់សុីញ ចម្លែកមែនកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អាចមានខាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះមកពិនិត្យមើល ទើបខាងក្រុមហ៊ុនហាន់សុីញ ប្រមូលគ្រឿងចក្រ និងកម្មករច្រើនណាស់ មកធ្វើការ បង្ហាញពីសមត្ថភាពមានគ្រប់គ្រាន់លើការស្ថាបនានេះ តែផ្ទុយទៅវិញនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ខាងក្រុមហ៊ុនហាន់សុីញ អត់មានដំណើរសាងសង់ទាល់តែសោះ។
បើក្រុមហ៊ុនអីលស៊ុង ការងារស្រដៀងគ្នានឹងក្រុមហ៊ុនហាន់សុីញ រអាក់រអួលគ្រប់កន្លែង ដែលជំនាញខាងក្រសួងសាធារណៈការនិងដឹកជញ្ជូន អាចពិនិត្យអោយបានដិតដល់ផង ដើម្បីគុណភាព នូវសមិទ្ធផលផលរបស់ជាតិយើង។
ឮដំណឹងថា, ថ្មីៗនេះក្រុមហ៊ុនអីលស៊ុង ដេញថ្លៃបានកំណត់ផ្លូវជាតិ៤៨ នៅខេត្តកោះកុង ក្នុងតម្លៃទាបជាងគេជិត១០លានដុល្លារឯណោះ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព” នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងពីលោក Tae-Youp Roh (Tim) តំណាងអោយក្រុមហ៊ុន( HANSHIN) នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានទេ ដោយទូរស័ព្ទត្រូវបានបិទ ។ ដោយឡែកខាងក្រុមហ៊ុន អ៊ីលស៊ុង គ្មានលេខទូរស័ព្ទទាក់ទង។
សូមបញ្ជាក់ថា, ទាំងលោកអគ្គនាយកផ្លូវថ្នល់ ទាំងអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងទៅច្រើនលើកហេតុផលថា ក្រុមហ៊ុនមិនសូវដំណើរការ ដោយសារស្ថានភាពរដូវភ្លើងធ្លាក់។ ប៉ុន្តែដល់រដូវប្រាំងខ្លាចតែគាត់លើកហេតុផលថា, ដោយសារតែដីហុយខ្លាំងទេដឹងមើលទៅ? បើចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិញ លោកមានភាព ទទួលខុសត្រូវខ្ពស់ណាស់ទៅការចុះពិនិត្យដោយផ្ទាល់លើការស្ថាបនាផ្លូវជាតិនីមួយៗ៕
ដោយ, សុខ ខេមរា