ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ១១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានបន្តចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីសម្តេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត ដើម្បីត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត។
ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌក៏បានរៀបចំក្រុមល្បាតចំនួន០១ក្រុមទៀតដែលដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ ២ម៉ោងម្តង រហូតដល់ម៉ោង ០៥ និង០០នាទីទៀបភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ អោយបានម៉ឺងម៉ាត់បំផុត។
ជាលទ្ធផល៖ ត្រួតពិនិត្យ រថយន្តបានចំនួន ០៧ គ្រឿង ម៉ូតូចំនួន ៧០ គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតអោយពួកគាត់ ធ្វើដំណើរបន្ត។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ថា ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ លោក សុខ ពេញវុធ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ស តារា