នូវែលសេឡង់ ប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌា​ ខណៈរកឃេីញអ្នកដំណើរទៅពីឥណ្ឌាឆ្លងកូវីដ១៩​

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​នូវែលសេឡង់​ បានរកឃើញករណីវិជ្ជមានជាច្រើនលើអ្នកដំណើរដែលមកពីប្រទេសឥណ្ឌា​ ស្រាប់​តែ​នៅថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២១​ ប្រទេស​មួយ​នេះ​ បានសម្រេច​ប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌាជាបណ្តោះអាសន្ន។​ ជាក់ស្ដែង​អ្នកដំណើរទាំងអស់ទៅពីឥណ្ឌា រាប់ទាំងជនជាតិនូវែលសេឡង់ផ្ទាល់ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅនូវែលសេឡង់ចំនួនពីរសប្ដាហ៍ ក្រោយប្រទេសតំបន់អូសេអានីមានករណីនាំចូលជំងឺកូវីដ-១៩ ច្រើនពីប្រទេសអាស៊ីខាងត្បូងមួយនេះ។

បេីតាមរបាយកា​ណ៍របស់អាជ្ញាធរនូវែលសេឡង់​ នៅថ្ងៃទី៨ ខែមេសាម្សិលមិញនេះ​ បានរកឃើញករណីវិជ្ជមានចំនួន២៣នាក់នៅច្រកចូលប្រទេស ដែលក្នុងនោះ១៧ករណីជាអ្នកដំណើរទៅពីឥណ្ឌាតែម្ដង។

បេីតាមនាយករដ្ឋមន្រី្ដនូវែលសេឡង់លោកស្រី ចាស៊ីនដា អាឌើន បានលេីកឡេីងនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Auckland នៅថ្ងៃទី៨ ខែមេសា​ ថា៖«យើងកំពុងផ្អាកការចេញចូលពីឥណ្ឌាមួយរយះ»។​ ហើយ​ចំពោះ​វិធានការថ្មីនេះ​ នឹងចាប់ផ្តើមអនុវត្តនៅម៉ោង៤រសៀលម៉ោងក្នុងស្រុកនាថ្ងៃទី១១ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ អំឡុងពេលនេះ រដ្ឋាភិបាលនូវែលសេឡង់ នឹងពិនិត្យលើវិធានការគ្រប់គ្រងលើបញ្ហានេះមុនឹងបើកច្រកចេញចូលឡើងវិញ។

គួរបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលអាចលុបបំបាត់ស្ទើរទាំងស្រុងជំងឺកូវីដ-១៩ ក្នុងប្រទេស ហើយក៏មិនមានករណីឆ្លងក្នុងស្រុកចំនួន៤០ថ្ងៃ។ ប្រទេសនេះ កំពុងផ្ដល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនផងដែរ។ ដោយឡែក​ផ្ទុយទៅវិញ ឥណ្ឌា កំពុងប្រឈមមុខរលកឆ្លងថ្មី ដែលពីរថ្ងៃចុងក្រោយមានករណីវិជ្ជមានជាងមួយសែននាក់ឯណោះ៕ដោយ​៖ស​ តារា​

លោកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្រ្តីនូវែលសេឡង់

រូបភាព៖ AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print