អន្តរជាតិ៖ បន្ទាប់ពីនូវែលសេឡង់ បានរកឃើញករណីវិជ្ជមានជាច្រើនលើអ្នកដំណើរដែលមកពីប្រទេសឥណ្ឌា ស្រាប់តែនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ប្រទេសមួយនេះ បានសម្រេចប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌាជាបណ្តោះអាសន្ន។ ជាក់ស្ដែងអ្នកដំណើរទាំងអស់ទៅពីឥណ្ឌា រាប់ទាំងជនជាតិនូវែលសេឡង់ផ្ទាល់ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅនូវែលសេឡង់ចំនួនពីរសប្ដាហ៍ ក្រោយប្រទេសតំបន់អូសេអានីមានករណីនាំចូលជំងឺកូវីដ-១៩ ច្រើនពីប្រទេសអាស៊ីខាងត្បូងមួយនេះ។
បេីតាមរបាយកាណ៍របស់អាជ្ញាធរនូវែលសេឡង់ នៅថ្ងៃទី៨ ខែមេសាម្សិលមិញនេះ បានរកឃើញករណីវិជ្ជមានចំនួន២៣នាក់នៅច្រកចូលប្រទេស ដែលក្នុងនោះ១៧ករណីជាអ្នកដំណើរទៅពីឥណ្ឌាតែម្ដង។
បេីតាមនាយករដ្ឋមន្រី្ដនូវែលសេឡង់លោកស្រី ចាស៊ីនដា អាឌើន បានលេីកឡេីងនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Auckland នៅថ្ងៃទី៨ ខែមេសា ថា៖«យើងកំពុងផ្អាកការចេញចូលពីឥណ្ឌាមួយរយះ»។ ហើយចំពោះវិធានការថ្មីនេះ នឹងចាប់ផ្តើមអនុវត្តនៅម៉ោង៤រសៀលម៉ោងក្នុងស្រុកនាថ្ងៃទី១១ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ អំឡុងពេលនេះ រដ្ឋាភិបាលនូវែលសេឡង់ នឹងពិនិត្យលើវិធានការគ្រប់គ្រងលើបញ្ហានេះមុនឹងបើកច្រកចេញចូលឡើងវិញ។
គួរបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលអាចលុបបំបាត់ស្ទើរទាំងស្រុងជំងឺកូវីដ-១៩ ក្នុងប្រទេស ហើយក៏មិនមានករណីឆ្លងក្នុងស្រុកចំនួន៤០ថ្ងៃ។ ប្រទេសនេះ កំពុងផ្ដល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនផងដែរ។ ដោយឡែកផ្ទុយទៅវិញ ឥណ្ឌា កំពុងប្រឈមមុខរលកឆ្លងថ្មី ដែលពីរថ្ងៃចុងក្រោយមានករណីវិជ្ជមានជាងមួយសែននាក់ឯណោះ៕ដោយ៖ស តារា
លោកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្រ្តីនូវែលសេឡង់
រូបភាព៖ AFP