ភ្នំពេញ, នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី១) នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្របខ័ណ្ឌ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចាប់ផ្ដើមដំណើរការចាក់រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងអោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការទាំងអស់នៅវិមានរដ្ឋសភាផ្ទាល់តែម្ដង។
លោកអគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនេះ មានក្រុមគ្រួសារថ្នាក់ដឹកនាំរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់កូវីដ១៩ សរុបបានចំនួន ១,៣៨០នាក់។
លោក ឡេង ប៉េងឡុង ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមបន្តថែរក្សាសុខភាពឲ្យបានល្អ ទោះបីបានចាក់វ៉ាក់សាំងដូសទី១ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។
លោក លើកឡើងថា វ៉ាក់សំាងមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋនិងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។
រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូនពលរដ្ឋអោយបានមួយលានដូសក្នុងមួយខែ។
ជាថ្មីម្ដងទៀត លោកអគ្គលេខាធិការរដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបម្រើការ ក្នុងការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតបានចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ លោក ក៏បានជូននូវប័ណ្ណសរសេីរ និងកាដូអនុស្សាវរីយ៍ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។
សូមជម្រាបថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺក្រសួងសុខាភិបាលនឹងជូនដំណឹងពីពេលវេលា នៅពេលក្រោយ៕
ដោយ, សិលា