ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍កំពុងសិក្សាក្នុងការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ទស្សនា នៅតំបន់រមណីយដ្ឋាន អង្គរនៅត្រីមាសទី៤ ឆ្នាំ ២០២១នេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ច ចំពោះទេសចរដែលចាក់វ៉ាក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬ ពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា ការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ គឺជាការចូលរួមចំណែកស្តារសេដ្ឋកិច្ចមូលដ្ឋាន ក្រុមអាជីវកម្ម និងជាការដាស់អារម្មណ៍ដល់អ្នកជំនាញក្នុងផ្នែកទេសចរណ៍ មករៀបចំគម្រោងផែនការឡើងវិញ ជាពិសេសគឺការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
ចំណែក, លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា បានថ្លែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ព្រោះការបើកឲ្យដំណើរការឡើងវិញនៅលើវិស័យនេះ គឺជាការជួយដល់ក្រុមអាជីវកម្ម ជាពិសេសវិស័យសណ្ឋាគារ, ការបើកសណ្ឋាគារឡើងវិញ គឺជាការជួយដល់បុគ្គលិកបម្រើការងារលើផ្នែកនេះ ឲ្យទទួលបានការងារឡើងវិញ និងការជួយដល់ផ្នែកភោជនីយដ្ឋានផងដែរ។
បន្ទាប់ពីការអូសបន្លាយដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបណ្តាលឲ្យប៉ះពាល់អ្នកប្រកបរបរអាជីវកម្មលើផ្នែកនេះយ៉ាងខ្លាំង ។ ដោយរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ជាមួយនឹងការរឹតត្បិតការធ្វើការដំណើរឆ្លងកាត់ប្រទេស ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទស្សនានៅកម្ពុជា ឆ្នាំ២០២០ មានចំនួន១,៣លាននាក់ ធ្លាក់ចុះ៨០ភាគរយ៕
ប្រភព: BTV