ទីបំផុត​! ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួនឃាតករសម្លាប់​ក្មួយប្រុសខ្លួនឯង នៅ​ខណ្ឌ​ច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​ បានសម្រេច​ឃុំ​ខ្លួន​ឃាតករ​ដៃឆៅម្នាក់ ដែល​សម្លាប់​ក្មួយ​ប្រុស​ខ្លួន​ឯង​ អាយុ​១០​ឆ្នាំ ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន​។​

បេីតាមរបាយកា​រណ៍​របស់មន្រ្តីនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​ ចំណែក​ក្មេងប្រុសរងគ្រោះឈ្មោះ ជា ប៊ុនហេង អាយុ​១០​ឆ្នាំ(ស្លាប់)​ ។

​ប្រភព​ដដែល​ បន្តថា​ អំពើ​ឃាតកម្មខាងលេីនេះ បានកើតឡើងកាលពី​វេលា​ម៉ោង ៣​ និង៣០​នាទី រសៀលថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​ ​ស្ថិត​នៅក្នុងដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​ ចំណែក​មូលហេតុ​នៃ​អំពើ​ឃាតកម្ម គិតទុក​ជាមុន​នេះ ត្រូវបាន​សមត្ថកិច្ច បញ្ជាក់​ថា ដោយសារ​ឃាតករ​ខឹង​ជនរងគ្រោះ ដែលជា​ក្មួយ វាយ​ក្បាលខ្លួន​ដែលជា​ពូ ។​

​គួររម្លឹកថា​ មុនពេល​កើតហេតុ​ជនសង្ស័យ និងកុមារា​រងគ្រោះ បានជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា MSX ពណ៌​ស ស្លាកលេខភ្នំពេញ ១FJ-៨៣៨៤ ឌុប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល ដេីម្បីទៅ​ញុំា​ប្រហិត។ ខណៈដែល​កំពុង​ជិះ​តាមផ្លូវ​កុមារារងគ្រោះ យកដៃ​វាយ ក្បាលជនសង្ស័យ​លេង រួច​ជនសង្ស័យ ប្រាប់ថា កុំ​វាយព្រោះ​តំណម រួច​ក៏​ជិះ​ទៅមុខទៀត កុមារា​រងគ្រោះ វាយ​ក្បាល​ជនសង្ស័យ​លេង​ម្តងទៀត ទេីប​ធ្វើ​ឲ្យ​ជនសង្ស័យខឹង ក៏​រៀប​គម្រោង​យក​កុមារា​រងគ្រោះ ទៅសម្លាប់ចោល ក៏​កុហក​កុមារា​រងគ្រោះ​ថា ចុះទៅ​ដក​ក្រអៅឈូក​ហូប រួច​ជិះ​ចូលក្នុង​ដី​ឡូ​តិ៍ ចំណុចកើតហេតុ ជនសង្ស័យយកដៃ​វាយ​កុមារា​រងគ្រោះ មួយ​ដៃ​ចំ​ថ្គាម​ខាងស្តាំ និង​វាយ​ចំ​មុខ​មួយ​ដៃ​ទៀត ដួល​ផ្កាប់​លើដី មានទឹក​តិចៗ បណ្តាល​ឲ្យ​ស្លាប់ រួច​ជនសង្ស័យ ជិះ​ម៉ូតូ​គេចខ្លួន​ត្រលប់​ទៅ ផ្ទះ​វិញ​។

ប្រភពដដែល​ បន្ថែមទៀតថា​ ​រហូតដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ម៉ោង ១១​ និង៣០នាទី​ព្រឹក ប្រជាពលរដ្ឋបានឃើញ​សព​កុមារា​រងគ្រោះ នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​រាយការណ៍​ប្រាប់ សមត្ថកិច្ចឲ្យចុះត្រួតពិនិត្យជាក់ស្តែងតែម្តង។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ការិយាល័យបច្ចេកទេស​-​វិទ្យាសាស្ត្រ​ សហការ​ជាមួយ​អង្គការ CPU និង​ឧកញ៉ា​បណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ កោសល្យវិច័យ រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ ស្នាម​រហែក​សន្ទះ​អញ្ចាញ ធ្មេញ​ខាងមុខ និង​បាក់ធ្មេញ ខាងក្រោម​ទាំងសងខាង បញ្ជាក់ថា កុមារា​រងគ្រោះ ស្លាប់​ដោយសារ​ប៉ះទង្គិច​ផ្ទៃមុខធ្ងន់ធ្ងរ​ ក៏បេីកការស្រាវជ្រាវភ្លាមៗ។

​លុះដល់​នៅវេលា​ម៉ោង ១១ ព្រឹកថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ចនគរបាល​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយកម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានដល់ការឃាត់ខ្លួន​ជនសង្ស័យយកមកសាកសួរ​ និងបញ្ជូនទៅតុលាការដេីម្បីបន្តនីតិវិធីច្បាប់។

បច្ចុប្បន្ន​ជនជាប់ចោទ​ ត្រូវ​បានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print