ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ រាប់លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ក្នុងនោះ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា,១,៥លានដូស មកដល់នៅខែឧសភា, ៣លានដូស មកដល់នៅខែមិថុនា, ២លានដូស មកដល់នៅខែកក្កដា និង១លានដូស នឹងមកដល់នៅខែសីហា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១ឆ្នាំយើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់៤០៨០នាក់ ពីម្សិលមិញអ្នកជំងឺរបស់យើង បានឆ្លងចំនួន៥៧៦នាក់ ថ្ងៃនេះទៀតឆ្លង៤៨៣នាក់។ ពីមុនកម្រណាស់ ដែលយើងប្រើពាក់រាប់សិបនាក់ គឺមានតែ ១, ២, ៣, ៤, ៥,១០នាក់ ប៉ុន្តែចាប់ពីពេលព្រឹត្តិការណ៍២០កុម្ភៈមក ពាក្យរាប់សិប គឺមានជារៀងរាល់ថ្ងៃ»។
សូមជម្រាបថា, សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសបន្ទាន់ ពីគេហដ្ឋានក្រុងតាខ្មៅ ទៅកាន់ជនរួមជាតិ ជុំវិញបច្ចុប្បន្នភាព និងស្ថានភាពទូទៅនៃបញ្ហារាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ពេលនេះមិនមែនជាពេល ដែលត្រូវបន្ទោសគ្នានោះទេ គឺជាពេលវេលាដែលយើងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
ដោយ, សុខ ខេមរា