ភ្នំពេញ៖ លោកស្នងការរងនគរបាលខេត្តកំពតម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមច្បាប់ ក្រោយបង្រ្កាបបានគ្រឿងញៀនជិត២គីឡូក្រាម។ នេះបើតាមការបញ្ជាក់ពីលោក គុជ គឹមឡុង អ្នកនាំពាក្យ នៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពញរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកតុលាការកាលពីល្ងាចថ្ងៃទី១០ ខែមេសាម្សិលមិញ និងបញ្ជូនមកព្រឹកថ្ងៃទី១១ មេសានេះម្តងទៀត។ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសួរនាំរបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សេង គឹមឡាក់ ដើម្បីអនុវត្តនីតិវិធីបន្ត។
គួររម្លឹកថា កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចចំណតរថយន្តផ្សារខាលែនឌែលម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។
ចំណែកជនសង្ស័យទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖ ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ ;ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ ;និងទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។
ក្រោយប្រតិបត្តិការរួចកម្លាំងនគរបាលជំនាញ បានដកហូតថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់១,៧៣៨.៣៣ក្រាម៕ដោយ៖ស តារា