ឥណ្ឌា៖​ ក្នុង​រយៈពេល​មួយថ្ងៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ ១៦ម៉ឺននាក់ ខណៈប្រជាជនសម្រុកចុះងូតទឹកទន្លេ​ក្នុងពិធីបុណ្យមួយ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយនៅថ្ងៃអង្គារទី១៣ ខែមេសា ឆ្នាំ២០២១នេះថា​​ ត្រឹមរយៈពេលតែ​ ២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​ឥណ្ឌា​ បានប្រកាសអំពីចំនួនអ្នកឆ្លង COVID-19 រហូតដល់ទៅ ១៦១,៧៣៦នាក់ទៀត​ ដូច្នេះ​ធ្វើឲ្យចំនួនអ្នកឆ្លងនៅប្រទេសឥណ្ឌា​ សរុបកើនដល់ ១៣.៦៩លាននាក់។ នៅក្នុងរយៈពេលដូចគ្នា អ្នកជំងឺចំនួន ៨៧៩នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ១៧១,០៥៨នាក់។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា​ ពិធីបុណ្យផ្សេងៗនៅក្នុងប្រទេសឥណ្ឌាកន្លងមកនេះ ជាពិសេសការចុះងូតទឹកទន្លេ ដែលត្រូវបានចាត់ទុកថាជាទឹកពិសិដ្ឋ នាំសិរីសួស្តីជារៀងរាល់ឆ្នាំនោះ ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញឲ្យករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងយ៉ាងគំហុក នៅក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ។

សូមជម្រាបថា ចំពោះ​ការចុះមុជទឹកទន្លេជុំគ្នានេះ​ គឺជាប្រពៃណី ជាពិសេសនៅក្នុងទន្លេ ហ្គែនជីស៍ (Ganges) បានបង្ហាញអំពីទិដ្ឋភាពមនុស្សម្នាយ៉ាងកកុញបំផុត ដែលពិតជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅនឹងវិធានការសុវត្ថិភាព ណែនាំដោយអាជ្ញាធរសុខាភិបាលជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​ ក្រុមអ្នកជំនាញ​ បានព្រមានថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលឿនពេក, ការប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន និងការប្រមូលផ្តុំនៃក្រុមអ្នកនយោបាយ ក្នុងរដូវកាលបោះឆ្នោតតាមរដ្ឋមួយចំនួននៅឥណ្ឌា នឹងធ្វើឲ្យរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 វិវឌ្ឍកាន់តែអាក្រក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print