ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយឡើងទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា គឺមានក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានដើរមកឆ្វែលនៅខាងមុខផ្ទះរបស់ខ្លួន នៅតាមបណ្តោយផ្លូវលេខ៣៧៤ ហើយក៏បានយកឈើឆ្កឹះកាបូបពីបង្អួចរបស់ខ្លួន ។ បន្ទាប់ពីយកបានហើយជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់កាបូបដេញតាម និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រនាំគ្នាជួយចេញចាប់ ។ ប្រភពបន្តថា ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ដែលយកកាបូបព្យាយាមរត់គេចខ្លួននោះបាន នៅចំណុចមុខស្ថានទូតចិន និងព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បែកនិងឈាមមុខមាត់ ។
មួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យទៅសួរនាំបន្ត នៅបុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ចំណែកកាបូបដែលជនសង្ស័យលួចបានត្រូវប្រគល់ឱ្យម្ចាស់វិញ ៕ ដោយ៖ជីម ភារ៉ា ដង្កោ












