ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាទិវាទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អញ្ជើញចូលរួមទទួលនិងអមដំណើរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីនាឱកាសនោះរួមមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំចំណុះរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នាឱកាសនោះថាវត្តមានរបស់សម្ដេចនាពេលនេះ គឺជាការផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងតួអង្គពាក់ព័ន្ធដែលបានកំពុងបំពេញភារកិច្ចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាជនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែមិនទាន់មានការថមថយនោះទេ និងថាពេលនេះការការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ គឺជារឿងសំខាន់បំផុតរបស់មនុស្សជាតិក្នុងនោះក៏រាប់ទាំងប្រទេសកម្ពុជាយើងដែរ។ សម្ដេចបន្តថា មន្ត្រីកងកម្លាំងទាងអស់ក៏មិនខុសពីយើងគ្រប់គ្នានោះដែរ ប៉ុន្តែសម្រាប់ពួកគាត់ ភារកិច្ចបំរើជាតិ និងប្រជាជនពិសេសការពារសេចក្ដីសុខជូនប្រជាជនមានអាទិភាពជាង។
នៅក្នុងឱកាសសំណេះសំណាលសួរសុខទុកអាជ្ញាធរ និងកងកម្លាំងនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តមានប្រសាសន៍ក្នុងន័យដើមថា «យើងម្នាក់ៗសុទ្ធតែខ្លាចកូវីដ-១៩ ហើយយើងថាគួរតែនៅផ្ទះទើបសុខជាង។ ចុះចំណែកបងប្អូន[អាជ្ញាធរ និងកងកម្លាំង]យើងដែលកំពុងបំពេញភារកិច្ចនេះវិញ? គាត់ក៏ដូចយើងដែរ។ ដូច្នេះខ្ញុំត្រូវតែចុះមកផ្ដល់កម្លាំងចិត្តដល់ពួកគាត់»។
សូមបញ្ជក់ថានៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខអាជ្ញាធរ និងកងកម្លាំងកំពុងបំពេញភារកិច្ចនៅតាមគោលដៅអនុវត្តវិធានការបិទខ្ទប់ទីតាំងនានា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះដែរ ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ទឹកសុទ្ធ និងមីកំប៉ុងផងដែរ ៕
ដោយ, សុខ ខេមរា