លោកបណ្ឌិត​ ម៉ម ប៊ុនហេង៖ អំពាវនាវឲ្យគ្លីនិកឯកជនប្រេីរថយន្ដសង្គ្រោះបន្ទាន់ ជួយចូលរួមដឹកអ្នកជំងឺកូវីដ១៩​ ពីមូលដ្ឋាន ទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ​ លោកបណ្ឌិត​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់គ្លីនិកឯកជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីដឹកអ្នកកើតជំងឺកូវីដ១៩ ពីមូលដ្ឋានរបស់ខ្លួមទៅកាន់កន្លែងព្យាបាលនៅ​មជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ។

លោកបណ្ឌិត​ ម៉ម ប៊ុនហេង ថ្លែង​បែប​នេះ​បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩​ ជាច្រើននាក់កំពុងនៅតាមមូលដ្ឋាននៅឡើយ ដោយមិនទាន់ត្រូវបានដឹកទៅកាន់កន្លែងព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺពេញ មិនអាចដាក់បន្ថែមទៀតបានឡើយ។ ប៉ុន្ដែនៅពេលនេះ កន្លែងព្យាបាលអ្នកជំងឺកូវីដ នៅកោះពេជ្របានរៀបចំរួចរាល់ហើយ ហើយត្រូវការរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងដើម្បីដឹកពួកគាត់ទៅព្យាបាល។

បេីតាមការ​ថ្លែង​របស់លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង សូមអំពាវនាវដល់ម្ចាស់មន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីជួយដឹកអ្នកជំងឺកូវីដ១៩ ពីមូលដ្ឋានទៅកាន់កន្លែងព្យាបាលនៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាត កោះពេជ្រ»។

សូមជម្រាបថា​ ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

បច្ចុប្បន្ន​ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧នាក់, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់។

គួរបញ្ជាក់ដែរថា មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។ ដោយ​ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print