ភ្នំពេញ៖ បើតាមលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាការអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងជួរកងទ័ព។
ជាក់ស្ដែងក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ចំនួន៥ចំណុចមានដូចខាងក្រោម៖
-ទី១៖ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឲ្យម៉ឺងម៉ាត់បំផុតនូវសេចក្ដីសម្រេចលេខ ៤៩/សសរ របស់ប្រមុខរាជរដ្ឋាភិបាល និងសារាចរណែនាំលេខ ០០៦/សណន/២០២១ របស់ក្រសួងការពារជាតិ ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
-ទី២៖ បណ្ដាស្ថាប័ននៅអគ្គបញ្ជាការដ្ឋាន មានមុខធ្វើការតែនាយទាហានដែលត្រូវវេនប្រចាំបញ្ជា និងប្រចាំការឲ្យកម្រិតអប្បបរមាតិចបំផុត ដើម្បីធានានិរន្ដភាពការងារប្រចាំថ្ងៃ យោធិនដែលរស់នៅក្នុងតំបន់ក្រហម (តំបន់ដែលមានការឆ្លងជំងឺកូវីដច្រើន) ត្រូវអនុវត្តទៅតាមវិធានរបស់អាជ្ញាធរមូលដ្ឋាន ចំពោះកងឯកភាពប្រមូលផ្ដុំមិនអនុញ្ញាតឲ្យយោធិនចេញក្រៅអង្គភាពជាដាច់ខាត។
-ទី៣៖ កងឯកភាពដែលមានភារកិច្ចសហការក្នុងការបិទខ្ទប់នេះ ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឲ្យម៉ឹងម៉ាត់បំផុត និងការពារខ្លួនកុំឲ្យមានការឆ្លងជំងឺកូវីដ១៩។
-ទី៤៖ រយៈពេលអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខនេះតទៅ។
-ទី៥៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តបទបញ្ជានេះឲ្យមានប្រសិទ្ធភាពខ្ពស់៕