ភ្នំពេញ: បន្ទាប់ពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ អតីតលោកផ្កាយ២ អ៊ុង ចាន់ធួក និងបក្ខពួក តាមមាត្រា ៣ មាត្រា៤ និងមាត្រា១១នៃច្បាប់ កូវីត ១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបញ្ជូនទៅ តុលាការជំនុំជម្រះ នៅរសៀលនេះ។
ទីបំផុតជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណរិទ្ធិ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចមុននេះបន្តិច។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា , ជនជាប់ចោទទាំង ៣ រូប នាពេលសាវនាការ បានស្នើសុំសិទ្ធិពឹងមេធាវី ដូច្នេះដំណើរការនីតិវិធីនៃការដេញដោលសួរ គឺត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយតាមនីតិវិធីច្បាប់ត្រូវទុកពេល ២សប្តាហ៍ដើម្បីឲ្យពួកគាត់ស្វែងរកមេធាវីដើម្បីការពារសិទ្ធិ។ ដូច្នេះនៅរយៈពេលពីរសប្ដាហ៍ខាងមុខនេះ នឹងបើកសវនាការជាថ្មីម្ដងទៀត។
សូមបញ្ជាក់ថាជនជាប់ចោទរួមមាន:
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
ត្រូវតុលាការធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារ
អតីតឧត្តមសេនីយ៍ផ្កាយ២ម្នាក់ និងបក្ខពួក ជាមួយមនុស្សជិត៤០នាក់ បានផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ សូមជម្រាបជូនថា, ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ៕
ដោយ, សុខ ខេមរា