អភិបាលខេត្តកណ្ដាល៖​ ដឹកនាំ​មន្រ្តីពាក់ព័ន្ធចុះពិនិត្យរកទីតាំងសម្រាប់ធ្វេីផ្សារបោះដុំបន្លែដ៏ធំមួយជំនួសផ្សារដើមគរ ខណៈរកឃើញអាជីវករ និងសន្តិសុខប្រមាណ ១០០នាក់​ កេីតជំងឺកូវីដ១៩

ចែករំលែក៖

ខេត្ត​កណ្ដាល​៖ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១​ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងសមរម្យណាមួយធំទូលាយ ដែលមានបរិយាកាសល្អមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំងសំរាប់រៀបចំផ្សារបោះដុំបន្លែ​ ក្នុងការជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។ ប៉ុន្តែ ក្នុងប្រតិបត្តិការនោះ​ អាជ្ញាធរពុំទាន់កំណត់ទីតាំងសមរម្យណាមួយនៅឡើយទេ ព្រោះកំពុងសិក្សាលម្អិតជាមុនសិន។

ក្នុងឱកាសនោះដែរ​ លោកគង់ សោភ័ណ្ឌ បានលើកឡើងថា ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ លោករួមជាមួយអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យ ទីតាំងត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ដែលថ្មីៗនេះអាជ្ញាធរសាលារាជធានី សម្រេចផ្អាករយៈពេល១៤ថ្ងៃ ក្រោយពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

គួររម្លឹកថា​ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ និងអាជ្ញាធរមូលដ្ឋាន​ បានប្រកាសរកឃើញអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគរប្រមាណ១០០នាក់ ឆ្លងកូវីដ១៩។ ភ្លាមនោះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

សូមជម្រាបថា​ ចំពោះការផ្អាកបណ្ដោះអាសន្តនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំងសន្តិសុខផ្សារប្រមាណ ១០០នាក់ ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។

លេីសពីនេះ​ លោកអភិបាល​រាជធានី​ភ្នំពេញ​ ក៏បានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័កឲ្យបានគ្រប់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print