ខេត្តកណ្ដាល៖ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងសមរម្យណាមួយធំទូលាយ ដែលមានបរិយាកាសល្អមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំងសំរាប់រៀបចំផ្សារបោះដុំបន្លែ ក្នុងការជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។ ប៉ុន្តែ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរពុំទាន់កំណត់ទីតាំងសមរម្យណាមួយនៅឡើយទេ ព្រោះកំពុងសិក្សាលម្អិតជាមុនសិន។
ក្នុងឱកាសនោះដែរ លោកគង់ សោភ័ណ្ឌ បានលើកឡើងថា ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ លោករួមជាមួយអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យ ទីតាំងត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ដែលថ្មីៗនេះអាជ្ញាធរសាលារាជធានី សម្រេចផ្អាករយៈពេល១៤ថ្ងៃ ក្រោយពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
គួររម្លឹកថា បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានប្រកាសរកឃើញអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគរប្រមាណ១០០នាក់ ឆ្លងកូវីដ១៩។ ភ្លាមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបថា ចំពោះការផ្អាកបណ្ដោះអាសន្តនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំងសន្តិសុខផ្សារប្រមាណ ១០០នាក់ ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។
លេីសពីនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័កឲ្យបានគ្រប់គ្នា៕ដោយ៖សហការី