ភ្នំពេញ៖ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោកបានដឹកនាំកម្លាំងផ្ទាល់ចុះករណីគ្រឿងញៀនមួយកន្លែងដែលស្ថិតក្នុងផ្ទះសំណាក់យីហោ ខាំហ្វតហាស ដែលមានទីតាំងផ្ទះលេខ២២A ផ្លូវ១១២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទូលគោក កាលពីវេលម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ជាលទ្ធផលដកហូតគ្រឿងញៀនបានចំនួន៦ថង់ធំ (មិនក្រោម៣គីឡូក្រាម) និងឃាត់ខ្លួនជនសង្ស័យ២នាក់។
បើតាមលោក ហ៊ុន សុធី អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ករណីចុះបង្ក្រាបជនសង្ស័យដែលជួញដូរគ្រឿងញៀននៅទីតាំងផ្ទះសំណាក់ខាងលើ ដោយកម្លាំងរបស់លោកធ្វើការសា្រវជ្រាវ និងកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះថាកំពុងតែលាក់ខ្លួនដែលនៅក្នុងផ្ទះសំណាក់យីហោ ខាំហ្វតហាស លុះដល់ម៉ោងខាងលើ លោកបានបញ្ជាឲ្យលោមព័ទ្ធផ្ទះសំណាក់ចុះប្រតិបត្តិការចាប់ជនសង្ស័យទាំងនោះ និងដកហូតវត្ថុតាងបានជាក់ស្ដែងតែម្តង។
ក្រោយពីប្រតិបត្តិការចុះចាប់ជនសង្ស័យខាងលើនេះរួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមជាមួយថ្មាំញៀនជាច្រើនគីឡូក្រាម មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ៖ ស ដារ៉ា