ខេត្តព្រះវិហារ ៖ ផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីឈើប្រក់សុីប្រូ ជាកម្មសិទ្ធិឈ្មោះ ស្រ៊ុន ផេង អាយុ៦២ឆ្នាំ បានខូចខាតអស់ទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួន ក្នុងនោះមានរថយន្តម៉ាកឡង់គ្រីស័រស៊េរី៨៥ចំនួនមួយគ្រឿងផងដែរ ដោយសារតែអគ្គីភ័យកេីតឡើងព្រោះកូនយកដែកកេះដុត ។
ហេតុការណ៍នេះបានកើតលើងនៅវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
យោងតាមរបាយការនគរបាលនៃស្នងការខេត្ត លោកឧត្តមសេនីយ៍ សំ សាមឿន ស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះនឹងអគ្គីភ័យបានអោយដឹងថា ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ រួមជាមួយទ្រព្យ សម្បត្តិមួយចំនួនធំត្រូវបានឆេះអស់ទាំងស្រុង ដោយសារកូនឈ្មោះ ស្រ៊ុន គឹមឆេង ភេទប្រុស អាយុ៤០ឆ្នាំ មានជម្ងឺសរសៃប្រាសាទជាអ្នកដុត ។
លោកឧត្តមសេនីយ៍ សំ សាមឿន បន្តថា នៅក្នុងហេតុការណ៍ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្តទើបធ្វើអោយអគ្គីភយ័រលត់មិនឆ្លងដល់ផ្ទះជិតខាង ។
នៅក្នុងហេតុការណ៍ ភ្លេីងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ប៉ុន្តែឆេះត្រឹមជញ្ជាំងមួយចំហៀង យ៉ាងណាលោកថាបើក្រុមការងារជួយពន្លត់មិនទាន់ទេ ច្បាស់ជាអាចឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងទៀត ៕
ដោយ, វណ្ណៈ