ភ្នំពេញ, នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោករដ្ឋមន្រ្តី ក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល វ៉ាក់សាំងជម្ងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។ រហូតមកដល់ពេលនេះវ៉ាក់សាំងជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ ដែលមកទល់ពេលនេះ គឺបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ។ ទន្ទឹមនឹងនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក៕
ដោយ, សិលា